អនាគតប្ដីដែលស្រីៗប្រាថ្នា! មិនទាន់រៀបការក្លាយជាប្ដីប្រពន្ធទេ តែ ណូលី ឱ្យលុយគូដណ្ដឹងទុកអស់ៗ
នៅខ្វះតែមួយជំហានទៀតប៉ុណ្ណោះ តារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យ លោក ណូលី និង គូស្នេហ៍ នឹងត្រូវរៀបការប្រើពេលវេលាស្រឡាញ់មើលថែគ្នាអស់មួយជីវិតហើយ ខណៈអ្នកទាំងពីរ បានកាន់ដៃគ្នាភ្ជាប់ពាក្យយ៉ាងផ្អែមល្ហែមកាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ។
អនាគតកូនក្រមុំរបស់តារាចម្រៀងប្រុសរូបសង្ហា ណូលី គឺជានារីរាងតូចច្រឡឹង សម្បុរសខ្ចីដូចបណ្ដូលចេក មានរូបសម្រស់ស្អាតមិនចាញ់អ្នកសិល្បៈនោះទេ ដែលនាងជាអ្នកជំនួញរកស៊ីខាងអនឡាញដ៏មានប្រជាប្រិយភាព និង ប៉ិនប្រសប់មួយរូប។
ចាប់តាំងពីក្លាយជាសង្សារនឹងគ្នា រហូតរំលងបន្ទាត់មកជាគូដណ្ដឹង ម្ចាស់បទ «លក់គោយន្ត» ណូលី តែងបង្ហាញការស្រឡាញ់ មើលថែ និង ផ្ដល់តម្លៃដល់គូស្នេហ៍ជានិច្ច ដែលទង្វើសុភាពបុរសរបស់លោកកន្លងមកនេះ ធ្វើឱ្យអ្នកគាំទ្រសរសើរជាខ្លាំង ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រនារីៗប្រាថ្នាចង់បានអនាគតស្វាមីដូចលោកទៀតនោះទេ ណូលី បានផ្ដល់សិទ្ធិឱ្យគូដណ្ដឹងជាអ្នករៀបចំទុកដាក់ប្រាក់កាក់អស់ៗ។
តួយ៉ាងតាមរយៈការផុសមួយ ណូលី បានជួយការងាររកស៊ីរបស់គូដណ្ដឹង ហើយលោកថែមទាំងបានបញ្ជាក់ក្នុងន័យថា ពេលនេះអនាគតភរិយាបណ្ដូលចិត្តរបស់លោក គឺជាអ្នកទុកដាក់ហិរញ្ញវត្ថុឱ្យលោកទាំងអស់។ ដ្បិតថាពេលនេះ ណូលី និង គូដណ្ដឹងរូបស្រស់មិនទាន់ប្រកាសថ្ងៃចូលរោងការក៏ពិតមែន ប៉ុន្ដែថ្មីៗនេះ អ្នកទាំងពីរបានកាន់ដៃគ្នាទៅថតរូប Pre-Wedding ហើយ ទំនងជាកម្មវិធីមង្គលនឹងកើតមានឡើងឆាប់ៗ៕
រូបភាព៖ Anusa Studios