គិតយូរប្រយ័ត្នអត់កន្លែងគេង! សល់ខ្ទង់ ៩ ថ្ងៃទៀត ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តមកដល់ហើយ
បាំងតែប្រមាណជា ៩ ថ្ងៃទៀតប៉ុណ្ណោះ នឹងមានព្រឹត្តិការណ៍ដ៏អស្ចារ្យ គឺព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ឬ គេហៅថាព្រឹត្តិការណ៍សមរាត្រី នឹងមកដល់ ដែលភ្ញៀវទេសចរជាតិ និង អន្តរជាតិ អាចចូលរួមទស្សនាកំឡុងថ្ងៃទី ២១-២៣ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ នៅទឹកដីខេត្តសៀមរាប។
ជាក់ស្ដែង កៀកនឹងថ្ងៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះខិតជិតមកដល់ នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ នេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានជូនដំណឹងក្រើនរំឭកភ្ញៀវទេសចរ កុំភ្លេចចូលរួមព្រឹត្តិការណ៍សមរាត្រី ទាំងអស់គ្នាចាប់ពីថ្ងៃ ២១-២៣ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ ខណៈព្រឹត្តិការណ៍សមរាត្រី ( Equinox ) ដ៏អស្ចារ្យនេះ រៀងរាល់ឆ្នាំតែងតែកើតមាន ២ ដង គឺនៅចន្លោះថ្ងៃទី ២០-២២ ខែមីនា និង ចន្លោះថ្ងៃទី ២១-២៣ ខែកញ្ញា។
បើតាមការឱ្យដឹងពី លោក អ៊ឹម សុខរិទ្ធី ជាបុរាណវិទូ និង ជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និង ផ្សព្វផ្សាយ បានបញ្ជាក់កាលពីពេលកន្លងទៅថា ព្រឹត្តិការណ៍ដ៏កម្រនេះតែងតែកើតឡើង ២ ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ គឺនៅក្នុងខែកញ្ញា និង ខែមីនា។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍សមរាត្រីនាខែកញ្ញា គឺត្រូវចំវេលាដែលខ្មែរកំពុងបោះបាយបិណ្ឌ ហើយគាប់ជួននឹងសេចក្តីមានចែងក្នុងសិលាចារឹកថ្នល់បារាយណ៍ K279 នាចុងសតវត្សរ៍ទី ៩ ក៏បានអនុញ្ញាតឱ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រីដែរ៕