បាតុភូតអស្ចារ្យ! ភពផែនដី នឹងលេចវត្តមានព្រះចន្ទតូចច្រឡឹងមួយទៀតនៅសប្ដាហ៍ក្រោយ
អ្នកវិទ្យាសាស្ត្របានប្រកាសពីដំណឹងល្អមួយថា ព្រះចន្ទរបស់ភពផែនដីយើងនឹងមានមិត្តកំដរក្នុងទម្រង់ជាព្រះចន្ទតូចច្រឡឹងនៅចុងខែកញ្ញា ឆ្នាំ ២០២៤ នេះ តែវត្តមានបាតុភូតកម្រនេះដែរមិនកើតមានរយៈយូរនោះឡើយ។
ព្រះចន្ទតូចច្រឡឹងថ្មីនេះដែរ តាមពិតទៅគឺជាអាចម៍ផ្កាយមួយមានឈ្មោះថា 2024PT5 ដែលត្រូវបានខាងភ្នាក់ងារអង្គការ NASA ប្រទះឃើញដំបូងកាលពីថ្ងៃទី ០៧ ខែសីហា កន្លងទៅ។ ខុសប្លែកពីព្រះចន្ទមានស្រាប់ដែលវិលជុំវិញគន្លងភពផែនដីរបស់យើងប្រមាណ ៤ ពាន់លានឆ្នាំមកនេះ អាចម៍ផ្កាយ 2024PT5 នេះរំពឹងថានឹងហោះជុំវិញគន្លងភពផែនដីតែម្ដង និង ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺដំណើររបស់វាចាប់ផ្ដើមនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខ មុនបាត់ខ្លួនទៅវិញនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។
បើតាមវិបសាយ Live Science បានបញ្ជាក់ដែរថា ព្រះចន្ទតូចច្រឡឹងថ្មីនេះនឹងមានវត្តមានជាមួយភពផែនដីយើងត្រឹម ៥៧ ថ្ងៃប៉ុណ្ណោះ ហើយវាក៏ពិបាកនឹងប្រទះឃើញនោះដែរដោយសារតែវាមានទំហំតូចប្រមាណត្រឹម ១០ ម៉ែត្រប៉ុណ្ណោះ ធៀបនឹងព្រះចន្ទរបស់ភពផែនដីយើងគឺមានទំហំដល់ ៣.៤ លានម៉ែត្រឯណោះ៕