ទទួលអីវ៉ាន់ពីឪពុកបង្កើត ដូចទទួលថ្មបាក់ ព្រោះសុទ្ធតែគ្រឿងញៀ.ន ស្រាប់តែភ្ញាក់ខ្លួនព្រើតពេលប៉ូលិសសម្រុកមកចាប់
មហាជននៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ កំពុងតែរំជួលចិត្តអាណិតទៅលើនារីម្នាក់ ក្រោយពីត្រូវប៉ូលិសចាប់ខ្លួន ដោយសារតែទទួលអីវ៉ាន់ពីឪពុក ដោយមិនដឹងថាអីវ៉ាន់នោះជាគ្រឿងញៀន។
តាមព័ត៌មានបានឱ្យដឹងថា គ្រឿងញៀនខាងលើនេះ ជាប្រភេទម៉ាទឹកក មានប្រមាណ ៣៥៤ គីឡូ តម្លៃស្មើចំនួន ៣៥៤ លានបាតឯណោះ ហើយវាត្រូវបានប៉ូលិសស្ទាក់រឹបអូសពីនារីវ័យ ២១ ឆ្នាំម្នាក់ កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ នៅក្នុងខេត្តអ៊ុដនថានី ។
យ៉ាងណាមិញ តាមចម្លើយសារភាពរបស់នារីនោះ នាងបានឱ្យដឹងថាឪពុកម្តាយនាងបានបែកបាក់គ្នាតាំងពីតូច នាងបានរស់នៅជាមួយយាយតាំងពីនោះមក ម្តាយរបស់នាងមានគ្រួសារថ្មីចេញទៅរស់នៅឯក្រៅប្រទេស រីឯឪពុកនាងទាក់ទងមកតែមួយខែ ២ ឬ ៣ ដងប៉ុណ្ណោះ ហើយនៅក្នុងថ្ងៃកើតហេតុឪពុកបានមករកនាង ដោយមានយកអីវ៉ាន់មួយថង់ធំមកជាមួយផង ហើយបានប្រាប់ថាផ្ញើទុកនឹងនាងសិន បន្តិចទៀតនឹងមានអ្នកមកទទួលយកទៅហើយ។
ក្នុងនោះនាងស្មានតែជាអីវ៉ាន់ធម្មតា ទើបទទួលទុកឱ្យ តែក្រោយមកប៉ូលិសចុះមកដល់ទើបដឹងថាជាគ្រឿងញៀន នាងមិនដឹងសោះថាឪពុកនាងប្រកបរបរបែបនេះ នាងពិតជាសោកស្តាយ និង ខូចចិត្តណាស់ នាងមិនចង់បានអ្វីក្រៅពីឱ្យឪពុកនាងចេញមកទទួលកំហុសឡើយ នាងមិនចង់ជាប់ទោសនោះទេ ព្រោះនាងនៅមានអនាគតវែងឆ្ងាយទៀត៕
ប្រភព៖ Khaosod