វ៉ាវ! ត្រឹមមួយឈុតពាក់ទៅធ្វើការរបស់ លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត រាប់ត្រួសៗតម្លៃខ្ទង់ ៤០ ម៉ឺនដុល្លារ
លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញវ័យក្មេងមួយរូបនៅកម្ពុជា ដែលកំពុងកាន់កាប់មុខជំនួញជាច្រើននៅក្នុងដៃ។ ជាក់ស្តែង លោកជាប្រធានក្រុមហ៊ុន Luxury Smile Beauty Group and CSS group ខណៈដែលភរិយារបស់លោក គឺជាអគ្គនាយិកាក្រុមហ៊ុន Gwendolyn Investment Group។
ក្រៅពីជាអ្នកជំនួញមួយរូប នៅក្នុងបែបបទរស់នៅប្រចាំថ្ងៃ លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត ក៏ជាបុគ្គលហ្វេហ្សិននិយមផងដែរ។ ជារឿយៗលោកតែងបង្ហាញពីការចំណាយពេលទិញសម្លៀកបំពាក់ម៉ាកប្រណីតៗ ចាយលុយខ្ទង់ពាន់ខ្ទង់ម៉ឺនដុល្លារ។
យ៉ាងណាមិញ ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត បានបង្ហោះវីដេអូមួយនៅលើគណនី TikTok របស់ខ្លួន ដែលវីដេអូនេះជាការបង្ហើបឱ្យដឹងអំពីតម្លៃនៃឈុតសម្លៀកបំពាក់ដែលលោកពាក់ទៅធ្វើការ។
នៅក្នុងវីដេអូ មានស្ត្រីម្នាក់សួរសំណួរអំពីតម្លៃសម្លៀកបំពាក់ដែលលោកកំពុងពាក់ ក្នុងនោះលោកបានឱ្យដឹងថា កាបូបម៉ាក LV (LOUIS VUITTON) កំពុងកាន់មានតម្លៃ ៣ ពាន់ដុល្លារ, អាវក្រៅម៉ាក Brunello Cucinelli មានតម្លៃ ៧ ពាន់ដុល្លារ, នាឡិកាដៃម៉ាក Patek Philippe 6102R មានតម្លៃដល់ទៅជាង ១៣ លានបាតឬស្មើនឹងជាង ៣៧ ម៉ឺនដុល្លារ និង ស្បែកជើងម៉ាក Gucci តម្លៃ ១ ពាន់ ១ រយដុល្លារ។ នេះបើរាប់ទាំងអាវពាក់ខាងក្នុង ខោ និង វ៉ែនតា លោកថាមួយឈុតកំពុងពាក់នេះសរុបជាទឹកប្រាក់ប្រមាណ ៤០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត ក្រៅពីជាអ្នកជំនួញដ៏មានឥទ្ធិពលហើយនោះ ជារឿយៗនៅលើបណ្តាញសង្គម លោកតែងបង្ហោះវីដេអូចែករំលែកនូវបទពិសោធផ្សេងៗទាក់ទងនឹងចំណេះដឹងអាជីវកម្ម ក៏ដូចជាយុទ្ធសាស្ត្រផ្សេងៗជូនដល់សាធារណៈជនផងដែរ៕