ការសិក្សាថ្មីៗរកឃើញថា អ្នកចេះសន្សំលុយជាប្រចាំទោះតិចក្តី តែវាអាចធ្វើឱ្យខ្លួនឯងដេកលក់ស្រួល
យោងទៅតាមការសិក្សារបស់សាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស គេបានរកឃើញថា ការដកលុយមួយចំនួនទុកសន្សំ ទោះជាចំនួនតិចក្តី តែវាអាចជួយឱ្យមនុស្សមានអារម្មណ៍សម្រាក និង គិតអ្វីៗក្នុងផ្លូវល្អទៅថ្ងៃអនាគត។
តាមការចុះស្ទង់មតិប្រជាជនអង់គ្លេស ក្នុងនោះមួយភាគបួននៃមនុស្សវ័យជំទង់បានសន្សំលុយតិចជាង ១០០ ផោន ឬតិចជាង ១២៧ ដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការសន្សំប្រាក់ហាក់មានភាពលំបាក ដោយសារតែកំណើននៃការចាយវាយខ្ជះខ្ជាយទៅលើជីវិតប្រចាំថ្ងៃ ក៏ដូចជាការកើនឡើងតម្លៃអាហារផងដែរ។ គេបានប៉ាន់ស្មានទៅលើមនុស្ស ១០ នាក់ ដែលមានទម្លាប់សន្សំលុយ ដោយលុយខ្លះគេដាក់សន្សំដោយឡែក និង លុយខ្លះបានមកពីការងារសប្បុរសធម៌ ថ្វីត្បិតលុយសន្សំមានចំនួនតិចតួច តែវាបានធ្វើឱ្យហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេមានការប្រសើរឡើង។
ដូច្នេះហើយ តាមរបាយការណ៍ថ្មីៗពីមជ្ឈមណ្ឌលស្រាវជ្រាវហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់សាកលវិទ្យាល័យ Bristol ខាងលើ គេបានស្នើឱ្យគ្រប់គ្នាចេះសន្សំលុយឡើងវិញ ទោះលុយតិចតួច តែវានឹងមិនធ្វើឱ្យយើងមានជំងឺថប់បារម្ភដោយសារលុយ មិនជួបបញ្ហាបំណុល ឬអាចត្រៀមទប់ទល់នឹងអ្វីដែលអាចកើតឡើងដោយមិនបានរំពឹងទុក។ ជារួមវាធ្វើឱ្យមានសុវត្ថិភាពផ្លូវចិត្ត ហើយលែងខ្វាយខ្វល់ដែលមិនរំខានដល់ដំណេក៕
ប្រភព៖ BBC