មិនទុកទៀត វ៉ាន់ ដេវីត ឱ្យមេធាវីធ្វើឯកសារក្ដៅមួយ ក្រោយមានអ្នកបន្លំគណនីដាក់រូបលោកទៅបោកគេច្រើនពេក
ច្រើនលើកច្រើនសាមកហើយ ដែលអ្នកកំលោះរូបសង្ហាតួ «មាណព» វ៉ាន់ ដេវីត ជួបរឿងចោទប្រកាន់ថា ជាលោកបានបោកប្រាក់លុយរបស់គេ ខណៈកន្លងមកលោកបានបកស្រាយ និង បានបង្ហោះនៅលើគណនីហ្វេសប៊ុកជាច្រើនថា មានជនខិលខូចបានយករូបថតរបស់លោកនៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ហើយដើរបោកប្រាស់លុយគេ។
ពេលដែលគណនីក្លែងក្លាយទាំងនោះបោកប្រាស់លុយរួចហើយ ជនរងគ្រោះទាំងនោះ ទើបស្វែងរកឃើញគណនីពិតរបស់ ដេវីត ហើយបានចោទប្រកាន់លោកផ្សេងៗ ទាំងលោកមិនបានដឹងរឿងអ្វីទាល់តែសោះ។
ដោយករណីមួយនេះ នៅតែកើតមានជាហូរហែ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកត្រូវខូចខាតម្ដងហើយម្ដងទៀត ស្រាប់តែកំលោះសង្ហា វ៉ាន់ ដេវីត បានទៅរកមេធាវី ដើម្បីចាត់ការ និង ចេញលិខិតបញ្ជាក់ឱ្យបានច្បាស់លាស់ថា គណនីពិតរបស់លោកមានតែមួយប៉ុណ្ណោះ ហើយរាល់ការចាញ់បោកគណនីក្លែងក្លាយផ្សេងៗ ដែលយករូបថតលោកនៅតាំង Profile លោកមិនទទួលខុសត្រូវឡើយ។
ដេវីត បានលើកឡើងពាក់ព័ន្ធនឹងករណីនេះថា ៖ «លិខិតបញ្ជាក់ចេញពីមេធាវីប៉ុណ្ណឹងគ្រប់គ្រាន់សម្រាប់ឱ្យបងប្អូនមហាជនដឹងហើយថា ខ្ញុំប្រើប្រាស់អាខោនតែមួយនេះគត់។ សូមស្រីដែលលង់ខ្លួនជាពួកFake អាខោនមេត្តាមើលផង។ មករញ៉េរញ៉ៃរករឿងខ្ញុំដែលជាម្ចាស់រូបពិត ប្រយ័ត្នបានភ្លឺភ្នែក»៕