ត្រៀមគាំទ្រឱ្យណាណី! កីឡាករគុនខ្មែរ ព្រំ សំណាង នឹងត្រូវប៉ះ Leduc នៅថ្ងៃ ២៧ ខែក្រោយនេះ
តាមរយៈផេកកីឡាករ Dave Leduc នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ នេះ បានបង្ហោះ Poster បញ្ជាក់ពីការប្រកួតរវាងលោក និង កីឡាកររបស់កម្ពុជា ព្រំ សំណាង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ នៅប្រទេសស្លូវ៉ាគី។
គួរឱ្យដឹងផងដែរថា កន្លងមកកីឡាករប្រភេទកីឡា Lethwei ជនជាតិមីយ៉ាន់ម៉ារូបនេះ បានបញ្ជាក់ពីទឹកចិត្តក្នុងការចូលរួមបែបនេះថា ៖ «ខ្ញុំបានទទួលយកការប្រកួតនេះ ដោយសារតែលោក ព្រំ សំណាង ជាជើងឯកគុនខ្មែរច្រើនឆ្នាំមកហើយ គាត់មានប្រវត្តិប្រកួតជាង 150 ដង ដោយវាយឈ្នះឱ្យសន្លប់ច្រើនដង ហើយថ្មីៗនេះគាត់ក៏ទទួលបានជោគជ័យនៅ bareknuckle Muaythai នៅប្រទេសថៃ ដោយប្រើស្នៀតជង្គង់ហោះយ៉ាងល្អ។ សហព័ន្ធ Lethwei អន្តរជាតិ បានចាត់ទុករូបគាត់ថាជាកីឡាករដណ្តើមដំណែងជើងឯក Lethwei អន្តរជាតិដ៏ស័ក្ដិសមមួយរូប សម្រាប់ខែឧសភា ឆ្នាំ 2023»។
Leduc បានបន្តឱ្យដឹងថា ៖ «ខ្ញុំគិតថា ការប្រដាល់នេះអាចផ្តល់ប្រយោជន៍ដល់ភាពជាបងប្អូនរវាងមីយ៉ាន់ម៉ា និង កម្ពុជា ដែលតែងតែគោរពគ្នាទៅវិញទៅមក។ យើងអាចផ្សព្វផ្សាយក្បាច់គុនទាំងពីរដល់ពិភពលោក។ អ្នករៀបចំកម្មវិធីកំពុងរៀបចំកីឡាប្រដាល់ Lethwei មីយ៉ាន់ម៉ា ទៅប្រកួតនៅខែឧសភា នៅអឺរ៉ុបសម្រាប់ការប្រកួតជើងឯក Lethwei អន្តរជាតិ។ ដើម្បីឱ្យមានភាពយុត្តិធម៌ បន្ទាប់មកខ្ញុំនឹងមកកាន់ប្រទេសកម្ពុជា ហើយប្រកួតក្រោមកីឡាប្រដាល់គុនខ្មែរ (Kun Khmer) ដែលនឹងក្លាយជាព្រឹត្តិការណ៍ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ខ្ញុំចង់ឱ្យប្រទេសទាំងមូល គ្រប់ភូមិ គ្រប់ក្រុងចូលរួមអបអរចំពោះរូបខ្ញុំ និង លោក ព្រំ សំណាង»៕