ធ្លាប់ប្រកួត MGI 2022 គេឱ្យជាប់ត្រឹម Top 20 តែពេលមកប្រកួត MU 2024 នាង Victoria ឈ្នះមកុដជូនជាតិផ្អើលពិភពលោក
ក្រោយពីការតស៊ូប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍នៅឯប្រទេសម៉ិចស៊ីកូ ថ្មីៗនេះម្ចាស់មកុដ Miss Universe ឆ្នាំ ២០២៤ ត្រូវបានរកហើយ គឺនាង Victoria Kjaer ជាបេក្ខនារីតំណាងឱ្យប្រទេសដាណឺម៉ាក។
ជាមួយជ័យជម្នះមួយនេះ មហាជនអ្នកគាំទ្រជាច្រើនបានអបអរសាទរទៅដល់នាងយ៉ាងផុសផុល។ អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាមួយជ័យជម្នះនេះទៀតនោះ ក្រោយពីបានដឹងថានាងក៏ធ្លាប់ជាអតីតបេក្ខនារីប្រកួត MGI កាលពីឆ្នាំ ២០២២ ជំនាន់ជាមួយបវរកញ្ញាខ្មែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ផងដែរ។ កាលពីឆ្នាំ ២០២២ កន្លងទៅ នាង Victoria បានចូលរួមប្រកួតកម្មវិធី Miss Grand International តំណាងឱ្យប្រទេសដាណឺម៉ាក តែកាលនោះកម្មវិធីបានឱ្យនាងជាប់ត្រឹម Top 20 តែប៉ុណ្ណោះ ដោយមិនបានទទួលជ័យជម្នះជាដុំកំភួនឡើយ។
យ៉ាងណាមិញ ក្រោយពីប្រកួត MGI បានចំនួន ២ ឆ្នាំ នាង Victoria បានលេចមុខបញ្ចេញសមត្ថភាពជាថ្មីម្តងទៀតនៅក្នុងកម្មវីធី Miss Universe ប្រចាំឆ្នាំ ២០២៤ កន្លងទៅនេះ ហើយអ្វីដែលគួរឱ្យរំភើបចិត្តនោះ គឺនាងបានយកឈ្នះលើបេក្ខភាពជាច្រើនប្រទេសជុំវិញពិភពលោក ពោលគឺជាង ១០០ ប្រទេស ដោយបានក្លាយជាស្រ្តីនាំឱ្យប្រទេសដាណឺម៉ាក ទទួលបានម្កុដ Miss Universe លើកដំបូងក្នុងប្រវត្តិសាស្រ្ត៕
ប្រភព៖ Kapook