ការស្រាវជ្រាវថ្មីបានបង្ហាញថា មនុស្សជាច្រើនកំពុងកើតមានហានិភ័យនៃការធាត់លើសទម្ងន់ ប្រសិនបើពួកគេចូលដេកដោយអត់បិទទូរទស្សន៍ ។ យោងតាមការសិក្សាលើមនុស្សជិត ៤៤ ០០០ នាក់ បានឱ្យដឹងថា ស្ត្រីដែលត្រូវបានប៉ះពាល់នឹងពន្លឺសិប្បនិម្មិតនៅពេលយប់ ទំនងជាឡើងទម្ងន់ និង ក្លាយទៅជាធាត់ ឬ លើសទម្ងន់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។
ការស្រាវជ្រាវដែលបានចេញផ្សាយនៅលើកាសែត JAMA Internal Medicine បានបង្ហាញថា ការបិទភ្លើង និង អេក្រង់ចេញពីបន្ទប់ដេក អាចជាមធ្យោបាយមួយទៀតដើម្បីដោះស្រាយបញ្ហាធាត់បាន ។
ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន National Institute of Environmental Health Sciences នៅក្នុងសហរដ្ឋអាមេរិក បានតាមដានស្ត្រី ៤៣ ៧២២ នាក់ ដែលមានអាយុចន្លោះពី ៣៥ ឆ្នាំទៅ ៧៤ ឆ្នាំ ក្នុងរយៈពេលយ៉ាងតិច ៥ ឆ្នាំ ។ ស្រ្តីទាំងនោះបានផ្តល់ព័ត៌មានអំពីទម្ងន់របស់ពួកគេ , សន្ទស្សន៍ម៉ាសរាងកាយ (BMI) និង ការប៉ះពាល់នឹងពន្លឺសិប្បនិម្មិតនៅពេលយប់ ។
ការស្រាវជ្រាវបានរកឃើញថា ការប៉ះពាល់នឹងពន្លឺសិប្បនិម្មិតនៅពេលយប់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃការឡើងទម្ងន់ និង ការវិវត្តនៃភាពធាត់ ។ បើប្រៀបធៀបទៅនឹងអ្នកដែលមិនប៉ះពាល់ពន្លឺសិប្បនិម្មិតវិញ ស្ត្រីដែលដេកដោយមិនបិទភ្លើង ឬ ទូរទស្សន៍នៅក្នុងបន្ទប់តែមួយ មាន ១៧% ឡើងទម្ងន់ ៥ គីឡូក្រាម ឬ ច្រើនជាងនេះក្នុងរយៈពេល ៥ ឆ្នាំក្រោយ ៕
ប្រភព៖ metro