ថ្ងៃនេះ ១៥ កើត ចេញព្រះវស្សា! មកដឹងពីប្រវត្តិដ៏ជក់ចិត្តនៃបុណ្យ «ចេញព្រះវស្សា» ដែលជាប់ទាក់ទងនឹងព្រះពុទ្ធអង្គ
នៅថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ នេះ ពុទ្ធសាសនិកនៅកម្ពុជា ជ្រះថ្លាអនុមោទនា ប្រារព្ធពិធីបុណ្យចេញព្រះវស្សា ដែលបុណ្យនេះ មានប្រវត្តិជាប់ទាក់ទងទៅនឹងរឿងព្រះពុទ្ធអង្គផ្ទាល់តែម្តង។
ជាក់ស្ដែង តាមរយៈក្រសួងធម្មការ និង សាសនា បានដំណាលប្រវត្តិពិធីបុណ្យនេះ ឱ្យបានដឹងថា ពេលមួយ ព្រះពុទ្ធទ្រង់គង់ចាំព្រះវស្សាអស់ត្រៃមាស នៅឯឋានតាវតឹង្សសួគ៌ា ជាកន្លែងដែលព្រះពុទ្ធទ្រង់សម្តែងព្រះអភិធម្មទេសនា ប្រោសព្រះនាងមាយា (ដែលត្រូវជាព្រះមាតារបស់ព្រះអង្គ) និង ពួកទេវតាដទៃទៀត។ នៅពេលចេញវស្សា ព្រះអង្គក៏យាងចុះមកកាន់ឋានមនុស្សលោកវិញ ដោយមានការទទួលស្វាគមន៍ និង បដិសណ្ឋារកិច្ច យ៉ាងសប្បាយរីករាយក្រៃលែង។ រឿងនេះបានកើតឡើង ៧ ឆ្នាំ បន្ទាប់អំពីព្រះពុទ្ធទ្រង់បានត្រាស់ដឹង។
ពិធីយ៉ាងអ៊ឹកធឹកនេះ ប្រារព្ធឡើងដើម្បីរំឭកដល់ព្រឹត្តិការណ៍ដ៏សំខាន់នេះ ហើយកន្លែងទ្រង់យាងចុះនោះឈ្មោះ «ក្រុងសង្កស្ស:» ស្ថិតនៅខាងជើងប្រទេសឥណ្ឌា។ ក្នុងពេលធ្វើបុណ្យចេញវស្សានេះ ជាទូទៅនៅពេលល្ងាច ឬ យប់ថ្ងៃ ១៥ កើត ខែអស្សុជ ភិក្ខុសង្ឃដែលគង់ចាំវស្សា អស់ត្រីមាស ក្នុងអាវាសណាមួយ ត្រូវជួបជុំគ្នាក្នុងព្រះវិហារ ដើម្បីនមស្សការព្រះរតនត្រ័យ និង សម្តែងអាបត្តិ។
ពុទ្ធបរិស័ទនិមន្តព្រះសង្ឃសម្តែងធម៌ទេសនា «រឿងព្រះវេស្សន្តរ» គឺជារឿងព្រះពោធិសត្វ ដែលយោនយកកំណើតក្នុងជាតិចុងក្រោយបង្អស់ដើម្បីបំពេញទានបារមី។ ទេសនាមហាជាតក៏ ត្រូវយកមកសម្តែងជូនពុទ្ធបរិស័ទជាទីសណ្តាប់នៅក្នុងថ្ងៃ ១៥ កើតនេះផងដែរ។ ព្រឹកឡើង ពុទ្ធបរិស័ទយកស្រាក់បាយ សម្ល និង ចង្ហាន់ផ្សេងៗមកឈរតម្រៀបគ្នាជាជួររង់ចាំដាក់បាត្រព្រះសង្ឃដែលមានភ្នែកដាក់ចុះ និង កាន់ទ្រនូវបាត្រ និមន្តសន្សឹមៗតាមជួរសប្បុរសជន ដើម្បីទទួលចង្ហាន់បិណ្ឌបាត្រ ប្រកបដោយសេចក្តីមេត្តា និង កាយវិការស្រគត់ស្រគំសមរម្យ។
បន្ទាប់មកសប្បុរសជនទាំងអស់នាំគ្នាទៅជួបជុំនៅក្នុងសាលាធំ ជាកន្លែងដែលពុទ្ធបរិស័ទប្រារព្ធពិធីផ្សេងៗ ដើម្បីសមាទាននិច្ចសីល ឬ ឧបោសថសីល ស្តាប់ព្រះសង្ឃសម្តែងធម្មទេសនា និង ធ្វើសមាធិ។ កម្មវិធីប្រជាប្រិយផ្សេងៗ ក៏ត្រូវបានយកមកសម្តែង និង អប់រំប្រជាពលរដ្ឋផងដែរ៕
ប្រភព ៖ ក្រសួងធម្មការ និង សាសនា