អ្នកប្រើ App រកគូស្នេហ៍ គួរកុំណាត់ជួបមនុស្ស ៣ ប្រភេទនេះ ប្រយ័ត្នគេបោក មិនស្រួលឆ្កួតទាំងចិត្តអស់ទាំងខ្លួន
សម័យបច្ចេកវិទ្យា មនុស្សភាគច្រើនធ្វើការទំនាក់ទំនងគ្នាតាមប្រព័ន្ធអនឡាញ ជាពិសេសអ្នកចង់រកគូស្នេហ៍ អាចប្រើប្រាស់កម្មវិធីរកគូដូចជា Tinder ជាដើម។ យ៉ាងណាមិញ បើបានស្គាល់នរណាម្នាក់នៅលើ App ប្រភេទនេះ មុនណាត់ជួបពួកគេ អ្នកត្រូវប្រុងប្រយ័ត្នលើបុគ្គល ៣ ប្រភេទនេះ។
១. ចង់ជួបទាន់ហន់
ប្រសិនបើនរណាម្នាក់សន្ទនាបញ្ចុះបញ្ចូលអ្នកឱ្យមានអារម្មណ៍ខ្លាំង ឬ មួយឱ្យបាក់ចិត្តលើគេលឿន អ្នកគួរតែហាមចិត្តជាបន្ទាន់។ អ្នកត្រូវដឹងថា ទំនាក់ទំនងពិតប្រាកដត្រូវការប្រើពេលវេលាដើម្បីអភិវឌ្ឍន៍។ អ្នកដែលចង់ជួបលឿន ភាគច្រើនអាចអាចមានបំណងមិនល្អ ឬ ធ្វើរឿងអាក្រក់ដែលមិននឹកស្មានដល់។
២. រូបភាពមិនសមនឹងអត្តចរិត
ត្រូវប្រុងប្រយ័ត្នទៅលើបុគ្គលដែលដាក់រូបភាពមិនស៊ីមេទ្រីនឹងអាកប្បកិរិយារបស់ពួកគេ។ បើការសន្ទនារបស់ពួកគេមើលមកមិនស៊ីនឹងរូប Profile ឬ ការនិយាយមិនសមទំនងជាមនុស្សក្នុង Profile ឬ មួយមិនបង្ហាញព័ត៌មានច្បាស់លាស់ វាអាចជាសញ្ញាបង្ហាញថាមិនមែនជា Profile ពិតរបស់ពួកគេឡើយ។ បទពិសោធច្រើនកន្លងមក វាជាការប្រមាញ់ដើម្បីបោកប្រាស់។
៣. បង្ហាញអារម្មណ៍អវិជ្ជមាន ឬ ឈ្លើយ
ប្រសិនបើឆាតជួបបុគ្គលដែលចូលចិត្តបង្ហាញអារម្មណ៍អវិជ្ជមាន រិះគន់អ្នកដទៃ ឆេវឆាវ ឬ ប្រើពាក្យមិនសមរម្យ វាជាសញ្ញាងាយបង្កជម្លោះនៅក្នុងទំនាក់ទំនង។ អាកប្បកិរិយាបែបនេះឆ្លុះបញ្ចាំងពីបុគ្គលចូលចិត្តប្រើកំហឹង ហិង្សា និង ខ្វះការគោរព។ បើជួបទំនាក់ទំនងបែបនេះ មិនយូរមិនឆាប់អាចបង្កជម្លោះ ជួនមានរឿងដាក់ខ្លួនដោយសារពួកគេទៀតផង៕