ល្បិចបោកថ្មីទៀតហើយ! តេមកបន្លំជាខាងផ្គត់ផ្គង់ទឹកភ្លើង ណែនាំឱ្យដំឡើងកម្មវិធី ចុងក្រោយអាចលួចផ្ទេរប្រាក់ពីគណនីធនាគារ
នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ បានបញ្ជាក់ឱ្យបានដឹងថា ថ្មីៗនេះនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានទទួលពាក្យបណ្តឹង និងសេចក្តីរាយការណ៍ជាច្រើនករណី ពាក់ព័ន្ធល្បិចឆបោកថ្មី ដោយប្រើប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញសង្គម (Social Engineering) លើបច្ចេកទេសបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Pairing) និង ធ្វើការលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ។
អគ្គនាយកដ្ឋាន បានបញ្ជាក់លម្អិតពីវិធីសាស្ត្រជ្រៀតចូល និង ដំណើរការឆបោកដូចតទៅ៖
១. ឧក្រិដ្ឋជនធ្វើការប្រមែប្រមូលព័ត៌មាន និង សាវតាជនរងគ្រោះ (អាសយដ្ឋាន និង លេខទូរស័ព្ទ)
២. ឧក្រិដ្ឋជនធ្វើការលួចភ្ជាប់បណ្តាញ (WiFi) របស់ជនរងគ្រោះ
៣. ធ្វើការទូរស័ព្ទមកកាន់លេខជនរងគ្រោះ ដោយបន្លំខ្លួនជាអ្នកផ្តល់សេវាចាំបាច់ផ្សេងៗ (តួយ៉ាងសេវាផ្គត់ផ្គង់ទឹក ឬភ្លើងអគ្គិសនី) ដោយណែនាំជនរងគ្រោះដំឡើងកម្មវិធីនិង របៀបភ្ជាប់មុខងារបង់ថ្លៃសេវាតាមអ៊ីនធឺណិត
៤. អំឡុងពេលណែនាំ ឧក្រិដ្ឋជនបានឱ្យជនរងគ្រោះបើកដំណើរការ «Developer Mode» បើកជម្រើស «Wireless Debugging» និង ធ្វើការភ្ជាប់ទូរស័ព្ទជនរងគ្រោះទៅកាន់ម៉ាស៊ីនកុំព្យូទ័រឧក្រិដ្ឋជន «Paring Device»
៥. ឧក្រិដ្ឋជនប្រើប្រាស់កម្មវិធីជំនួយធ្វើការបញ្ជាកម្មវិធីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ និង លួចផ្ទេរប្រាក់ចេញទៅគណនីធនាគារផ្សេងទៀត។
ក្រោយបានដឹងនូវដំណើរការឆបោកខាងលើ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបុគ្គលដែលបានទាក់ទងពីការផ្តល់សេវាតាមស្ថាប័នរដ្ឋ ឬ ឯកជននានា តាមវិធីសាស្រ្តដូចខាងក្រោម ៖
– ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់សេវាឱ្យបានច្បាស់លាស់ មុនសម្រចធ្វើតាមការណែនាំផ្សេងៗ
– ដាក់ប្រព័ន្ធការពារគណនី (រួមមាន៖ 2FA លេខកូដរាល់ប្រតិបត្តិការ កំណត់ចំនួនទឹកប្រាក់នៃប្រតិបត្តិការ។ ល។)
- ពិនិត្យសមតុល្យ និង កំណត់ត្រាប្រើប្រាស់គណនីធនាគារជាប្រចាំ ករណីមានការសង្ស័យណាមួយ ត្រូវទាក់ទងទៅកាន់ធនាគារជាបន្ទាន់
– សូមធ្វើការរាយការណ៍ ឬ ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចជំនាញ ករណីលោកអ្នកមានជួបប្រទះការចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យា៕