នៅអាមេរិក! ស្ត្រីម្នាក់យកថ្នាំស្ទះលូចាក់ចូលភ្នែក ដើម្បីសម្រេចក្ដីស្រមៃក្លាយជាជនពិការភ្នែក
ស្ត្រីម្នាក់ចេញមកទម្លាយពីការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន ដែលស៊ូទ្រាំការឈឺចាប់ យកថ្នាំស្ទះលូចាក់ចូលក្នុងភ្នែករបស់នាង ដើម្បីបំពេញក្ដីស្រមៃកាលពីក្មេង ដោយចង់ក្លាយជាមនុស្សពិការភ្នែក។
នាង Jewel Shuping មកពីរដ្ឋ North Carolina កាលពីតូចជាក្មេងស្រីម្នាក់ដែលមានសុខភាពល្អដូចក្មេងទូទៅ។ យ៉ាងណាមិញ មកដល់អាយុ ២១ ឆ្នាំ នាងបែរជាកើតអាការប្លែក ចាប់ចិត្តចាប់អារម្មណ៍ខ្លាំងទៅលើការងងឹតភ្នែក រហូតរិះរកវិធីសាស្ត្រគ្រប់យ៉ាងដើម្បីអាចឱ្យនាងទទួលបានបទពិសោធមួយនេះទៀតផង។
ក្នុងកិច្ចសម្ភាសមួយ នាង Jewel Shuping បានអះអាងថា នាងបានទៅរកពេទ្យចិត្តសាស្ត្រម្នាក់ ហើយនាងក៏បានសុំឱ្យគ្រូពេទ្យនោះ ចាក់ថ្នាំស្ទះលូចូលក្នុងភ្នែករបស់នាង ដើម្បីឱ្យនាងសម្រេចក្ដីបំណងដែលប៉ងតាំងពីតូចមកនោះ។ ដំបូងឡើយ គ្រូពេទ្យនោះ បដិសេធមិនព្រមនោះឡើយ ប៉ុន្តែចុងក្រោយគេក៏ព្រមតាមបំណងរបស់នាង ព្រោះតែគ្រូពេទ្យបានដឹងពីស្ថានភាពជំងឺរបស់នាងច្បាស់។
គួរឱ្យដឹងថា នាង Shuping ដែលបច្ចុប្បន្នមានវ័យ ៣៨ ឆ្នាំ បានកើតជំងឺកម្រមួយហៅថា Body Integrity Identity Disorder (BIID) ដែលអ្នកកើតជំងឺនេះ កើតមកមានកាយសម្បទាគ្រប់គ្រាន់ ប៉ុន្តែជឿថាពួកគេគួរតែមានពិការភាព។ ថ្លែងពីពេលដែលនាងចាក់ថ្នាំស្ទះលូចូលភ្នែក នាងបានរៀបរាប់ថា នាងឈឺចាប់ខ្លាំង ប៉ុន្តែនាងនៅស៊ូទ្រាំមិនទៅពេទ្យឡើយ ព្រោះតែចង់ឱ្យភ្នែករបស់ខ្លួនពិការ។
ចាំអស់រយៈពេល ៣០ នាទី នាងក៏ព្រមឱ្យគេបញ្ជូនទៅមន្ទីរពេទ្យ ដោយពេលទៅដល់ ពេទ្យបានព្យាយាមជួយនាង ប៉ុន្តែអាចថាក្ដីប្រាថ្នានាងបានសម្រេច ព្រោះភ្នែករបស់នាងសង្គ្រោះលែងបាន។ ភ្នែករបស់នាងចាប់ផ្ដើមមើលលែងឃើញទៅពីមួយថ្ងៃទៅមួយថ្ងៃ។ នាង Shuping បាននិយាយថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ នេះគឺជាខ្លួនខ្ញុំពិតប្រាកដ។ ខ្ញុំធ្វើឱ្យភ្នែកខ្លួនឯងពិការ ប៉ុន្តែវាជាជម្រើសរបស់ខ្ញុំ»៕