ផ្ទុះការវែកញែកប៉ុន្មានថ្ងៃ ទីបំផុត សុភ័ក្រ្ត កុសុម៉ា ចេញមុខនិយាយជុំវិញរឿងយុវជនចូលរួមកម្មវិធីដោយមិនមានការអញ្ជើញ
ពិតណាស់ នាប៉ុន្មានថ្ងៃមកនេះ អ្នកលេងបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ និង វែកញែកយ៉ាងច្រើនព្រោងព្រាត បន្ទាប់ពីមិត្តភក្តិរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បានបង្ហោះវីដេអូរៀបរាប់ពីថ្ងៃមង្គលការរបស់នាង ដោយមានយុវជនម្នាក់បានចូលរួមកម្មវិធី ដែលម្ចាស់សាមីដើមការមិនស្គាល់។
ក្នុងវីដេអូនោះ មិត្តភក្តិរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បានរៀបរាប់ពីដំណើរដើមទងជាបន្តបន្ទាប់ ដោយមានការបញ្ចេញគាំទ្រ និង រិះគន់ផងដែរ។ អ្វីដែលកំពុងធ្វើឱ្យមហាជនកាន់តែផ្ទុះការវែកញែកនោះ គឺការលើកឡើងពីមាត់មួយទៅមាត់មួយថា មានការប្រកាន់ចំពោះការចូលរួមនូវវត្តមានរបស់យុវជនរូបនោះជាដើម។ ដោយឡែក ក៏មានមហាជនលើកឡើងដែរថា យុវជនរូបនោះមិនគួរធ្វើបែបនេះឡើយ។
ក្រោយលើបណ្ដាញសង្គមផ្ទុះការបញ្ចេញមតិវែកញែកខ្លាំងនេះដែរ ក្រឡេកមើលហ្វេសប៊ុករបស់អ្នកនាង សុភ័ក្រ្ត កុសុម៉ា មុននេះ ក៏បានឃើញបង្ហោះសារមួយនិយាយជុំវិញរឿងរ៉ាវខាងលើ ដោយអ្នកនាងបានលើកនិយាយបង្ហាញចិត្តរបស់ខ្លួនដែលមិនបានប្រកាន់ចំពោះរឿងនេះឡើយ នាងមានតែសប្បាយចិត្តចំពោះការចូលរួមអបអរថ្ងៃពិសេសរបស់នាង។ ក្នុងនោះ កុសុម៉ា ក៏បានលើកនិយាយបកស្រាយពីវីដេអូដែលមិត្តរបស់អ្នកនាងបាននិយាយ គឺពុំមែនជាចេតនាក្នុងការរើសអើងឡើយ ដោយគ្រាន់តែមិត្តរបស់នាងចង់ឱ្យយុវជនរូបនោះ កែប្រែពីឥរិយាបថ និង គោរពលើឯកជនភាពរបស់ភ្ញៀវប៉ុណ្ណោះ។
ក្នុងនោះ អ្នកនាង សុភ័ក្រ្ត កុសុម៉ា បានរៀបរាប់ថា ៖ «នាងខ្ញុំបានឃើញបងប្អូនមួយចំនួនប្រតិកម្មរឿងភ្ញៀវដែលយើងខ្ញុំមិនបានអញ្ជើញគាត់ចូលរួមមង្គលការនាងខ្ញុំ តាមពិតទៅមានប្អូនៗ និង ហ្វេនជាច្រើនដែលគាត់អញ្ជើញចូលរួមដោយមិនមានការអញ្ជើញដូចគ្នា ហើយប្អូនៗហ្វេនខ្លះទៀតគាត់បានមកនិយាយជាមួយខ្ញុំផ្ទាល់ ថាគាត់ពិតជាស្រលាញ់ហើយគាត់ចង់ចូលរួមខ្លាំង។ បកមកវិញ គឺខ្ញុំពិតជាសប្បាយចិត្តណាស់ដែលពួកគាត់ផ្តល់កិត្តិយសមកចូលរួមកម្មវិធីខ្ញុំដោយប្អូនៗ ហ្វេនៗ ពិតជាស្រឡាញ់ចេញពីចិត្តដោយមិនបានបង្កបញ្ហាអ្វីផ្សេងឡើយ ប៉ុន្តែអ្វីដែលមិត្តខ្ញុំលើកឡើងជាវីដេអូមកនេះ មិនមែនជាការរើសអើងទេ ក្នុងចេតនាល្អមួយ ដែលចង់ឱ្យប្អូនប្រុសកែប្រែឥរិយាបថ និង ការគោរពលើឯកជនភាពរបស់ភ្ញៀវដែលចូលរួម ក៏ដូចជាឯកជនភាពម្ចាស់កម្មវិធីផងដែរ។ ជាសំណូមពរក្នុងនាមជាម្ចាស់កម្មវិធី សូមពុកម៉ែបងប្អូន បញ្ចប់នូវការភាន់ច្រលំមួយនេះ បញ្ចប់នូវមតិនានា ដែលធ្វើឱ្យប៉ះពាល់ដល់ប្អូនប្រុសម្នាក់នោះផង និង មិត្តរបស់ខ្ញុំផងដែរ។ អរគុណបងប្អូនទាំងអស់គ្នា ដែលគោរពស្រលាញ់ Lama»៕