កំពូលតារាល្បីហុងកុង Bobby Au-Yeung លែងចង់ឱ្យគេហៅលោកថា «Bobby» ទៀតទេ
កំពូលតារាហុងកុងប្រចាំទូរទស្សន៍ TVB លោក Bobby Au-Yeung ជាតារាសម្ដែងមួយរូបដែលពោរពេញដោយទេពកោសល្យខ្ពស់ អាចសម្ដែងបានយ៉ាងល្អគ្រប់ទម្រង់ មិនថាជារឿងបែបសម័យ ឬ បែបបុរាណនោះឡើយ។
តារាសម្ដែងប្រុសរូបនេះ អាចឆក់បានប្រជាប្រិយភាពខ្ពស់ពីទស្សនិកជន មិនថាតែក្នុងស្រុក ឬ ក្រៅស្រុកនោះឡើយ ដោយរាល់ភាពយន្តដែលលោកសម្ដែងទាំងប៉ុន្មាន សុទ្ធសឹងតែផ្ទុះការទស្សនាភ្លូកទឹកភ្លូកដីពីបណ្ដាអ្នកគាំទ្រ។
ដោយឡែកថ្មីៗនេះ មហាជនអ្នកគាំទ្រហាក់បង្ហាញការភ្ញាក់ផ្អើល ក្រោយពីតួប្រុសរឿង «ខ្នើយសុបិន បំបែកក្ដីអាថ៌កំបាំង» រូបនេះទម្លាយថា រូបលោកមិនចង់ឱ្យគេហៅឈ្មោះខ្លួនឯងថា «Bobby» ទៀតនោះទេ។
អំឡុងពេលចូលរួមក្នុងកិច្ចសម្ភាសមួយ តារាប្រុសវ័យ ៦១ ឆ្នាំរូបនេះ ដែលមានឈ្មោះជាភាសាចិនថា Au-Yeung Tsan-wah បាននិយាយស្នើថា កុំឱ្យហៅឈ្មោះលោកថា «Bobby» ទាល់ទៅទៀត ព្រោះថា ហៅត្រឹមឈ្មោះជាភាសាចិន គឺគ្រប់គ្រាន់ហើយ។
បន្ថែមពីនេះទៀត លោកបានឱ្យដឹងទៀតថា ៖«ដោយសារតែខ្ញុំមានវ័យកាន់តែចាស់ហើយ ដូចនេះខ្ញុំមិនចង់ប្រើឈ្មោះកូនក្មេងទៀតនោះទេ មានត្រឹមឈ្មោះជាភាសាចិន គឺគ្រប់គ្រាន់ហើយ។ គ្រប់គ្នាអាចហៅខ្ញុំថា Wah-ge ឬក៏ Wah-zai ឬនៅពេលប៉ុន្មានឆ្នាំទៅមុខទៀត ពួកគេអាចទាំងហៅខ្ញុំថា Wah-shu (ជាភាសាខ្មែរថា លោកពូ) ក៏បាន»៕