មកដឹងមូលហេតុដែលប្រជាជនចិន តែងធ្វើពិធីបុណ្យសែនឆេងម៉េងរៀងរាល់ឆ្នាំ
ពិធីបុណ្យឆេងម៉េង គឺជាពិធីបុណ្យចំណាស់មួយដែលមានអាយុកាលចាស់ជាង ២៥០០ ឆ្នាំ ចាប់កំណើតតាំងពីរាជវង្សចូវ ហើយក៏បានធ្វើឡើងបន្ដមកដល់កូនចៅជំនាន់ក្រោយរៀងរាល់ឆ្នាំ នៅអំឡុងពេលចុងសិសិរដូវ និង ដើមនិទាឃៈរដូវ (ចុងខែមីនា ដើមខែមេសា)។
មូលហេតុដែលប្រជាជនចិន ឬ បងប្អូនដែលជាប់សែស្រឡាយចិនតែងធ្វើពិធីនេះជារៀងរាល់ឆ្នាំ គឺដើម្បីទៅបង្ហាញពីការនឹករឭក និង គោរពសាច់ញាតិដែលបានចែកឋានទៅ ឧទ្ទិសសុំពរឱ្យកូនចៅមានក្ដីសុខ រកស៊ីមានបាន និង ប្រមូលផលកាក់កប ហើយក៏ជាពេលជួបជុំបងប្អូនដើម្បីសម្អាតដល់ផ្នូរបុព្វបុរស ដោយការបោសជូត និង បោចស្មៅ ជាដើម។
បន្ថែមពីនេះ ការដែលធ្វើពិធីបុណ្យឆេងម៉េង មិនត្រឹមតែបង្ហាញពីការដឹងគុណនឹករឭកដល់បុព្វបុរសនោះ តែក៏អាចនាំឱ្យគ្រួសារទាំងមូលមានឱកាសបង្កើនសាមគ្គីភាព និង ភាពស្និទ្ធស្នាល ជាពិសេសជាពេលដែលក្រុមគ្រួសារទាំងមូលមានពេលជួបជុំគ្នា ធ្វើសកម្មភាពរួមគ្នា។
ដោយប្រពៃណីចិន គឺបងប្អូនសាច់ញាតិត្រូវមកជួបជុំគ្នានៅមុខផ្នូរដូនតា បោសសម្អាត បោចស្មៅ ហើយនឹងពូនដីលើផ្នូរបន្ថែមដើម្បីឱ្យផ្នូរមើលទៅមានភាពថ្មី មិនដូចផ្នូរទុកចោល ហើយជនជាតិចិននិយមយកមែកដើម Willow ផ្កាស្រស់ ឬ ជ័រដើម្បីដាក់ដាំក្បែរផ្នូរ និង ក្រណាត់ ឬក្រដាសពណ៌មកប្រកផ្នូរ ដើម្បីបញ្ជាក់ថាពួកគេមិនបានបោះបង់ចោលសាច់ញាតិដែលចែកឋានទៅនោះឡើយ។
ការប្រក់ផ្នូរដោយក្រណាត់ ឬ ក្រដាសចម្រុះពណ៌ គឺតំណាងឱ្យភាពត្រជាក់ត្រជុំ ប្រៀបដូចប្រក់ដំបូលផ្ទះ ហើយក៏តំណាងឱ្យភាពចម្រុងចម្រើន និង ការរកស៊ីរបស់កូនចៅ។ ចំណែកមែកដើម Willow គឺត្រូវយកទៅដាក់នៅគ្រប់មុខច្រកចេញចូលនៃផ្ទះ មិនថាជាខ្លោងទ្វារធំ ទ្វារផ្ទះនោះទេ ដែលវាតំណាងឱ្យការដេញឧបទ្រពចង្រៃ និង ព្រាយបិសាចមិនឱ្យចូលក្នុងផ្ទះ។ ក្រៅពីនេះក៏មានជំនឿលើការបង្ហោះខ្លែង ដែលតំណាងឱ្យការជម្រុះសំណាងអាក្រក់ផងដែរ៕