ថ្មីៗនេះ សារព័ត៌មាន The Asahi Shimbun បានចុះផ្សាយថា សួនសត្វ Wakayama នៅប្រទេសជប៉ុន បានរាយការណ៍ថា មានសត្វតោ ២ ក្បាលបានងាប់កាលពីខែមករា ក្រោយពីបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី។
យោងតាមរបាយការណ៍ពីសួនសត្វបានឱ្យដឹងថា ក្នុងចំណោមសត្វតោទាំង ២៣ ក្បាលក្នុងសួនសត្វ មានសត្វតោឈ្មោលអាយុ ១៩ ឆ្នាំមួយក្បាល បានងាប់កាលពីថ្ងៃទី ០៩ ខែមករា បន្ទាប់មកក៏មានតោញីអាយុ ២១ ឆ្នាំមួយក្បាលទៀត បានងាប់នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ដោយសួនសត្វបានរកឃើញថា សត្វតោទាំងពីរនេះបានឆ្លងមេរោគកូវីដ-១៩ ក្រោយធ្វើតេស្ត។ ស្របពេលនោះដែរ សត្វតោផ្សេងទៀតក៏បានចេញរោគសញ្ញាផ្សេងៗដូចជា ក្អក ជាដើម ទើបធ្វើឱ្យសួនសត្វធ្វើតេស្តលើសត្វតោទាំងអស់ និង កំពុងរង់ចាំលទ្ធផល។
ជាមួយគ្នានេះដែរ គេបានដឹងទៀតថា អ្នកថែរក្សាសត្វតោទាំង ២ ក្បាលនេះ គឺមានឆ្លងជំងឺកូវីដ-១៩ ហើយគេជឿថាសត្វតោទាំង ២ ដែលបានងាប់ននោះ គឺបានឆ្លងរោគពីបុគ្គលិកម្នាក់នោះ។ ខាងសមាគមសួនសត្វ និង អាងចិញ្ចឹមត្រីជប៉ុន បានបញ្ជាក់ថា នេះជាករណីដំបូងគេ ដែលបានរាយការណ៍ថា មានការឆ្លងវីរុសកូរ៉ូណាថ្មីក្នុងចំណោមសត្វ ខណៈដែលនៅសហរដ្ឋអាមេរិក វិញបានរាយការណ៍ថា មានខ្លាម៉ាឡាយ៉ាន និង ហ្គោរីឡា បានឆ្លងវីរុសកូវីដ១៩។
យ៉ាងណាមិញ មន្ត្រីម្នាក់នៅសមាគម ដែលមានសួនសត្វ និង អាងចិញ្ចឹមត្រីក្នុងប្រទេសជប៉ុន បាននិយាយថា វាពិតជាសំខាន់សម្រាប់សួនសត្វ Adventure World ក្នុងការរាយការណ៍ករណីនេះ ព្រោះវាមានប្រយោជន៍ក្នុងការការពារការឆ្លងនាពេលអនាគតនៅសួនសត្វ។ លើសពីនេះទៀត អ្នកជំនាញជឿថា សត្វឆ្មា ក៏ដូចជាមនុស្សដែរ គឺឆ្លងវីរុសកូវីដ-១៩ តាមរយៈទំនាក់ទំនងផ្ទាល់ ឬការបញ្ជូនមេរោគតាមបរិយាកាស។
គួរបញ្ជាក់ដែរថា Kyoji Yamada ពេទ្យសត្វនៅ Nakashibetsu ក្នុងទីក្រុង Hokkaido ដែលបានព្យាបាលឆ្មាមួយក្បាលនៅពេលវាឆ្លងវីរុសកូវីដ-១៩ និង បានសរសេរនិក្ខេបបទស្តីពីករណីនេះ បានជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះសត្វឆ្មា ដោយលោកបាននិយាយថា ៖ «វីរុសកូរ៉ូណាប្រភេទថ្មីគឺឆ្លងខ្លាំង ហើយមនុស្សអាចចម្លងវាទៅសត្វក្ងាន ដែលជាសត្វងាយនឹងឆ្លងវីរុសនេះខ្លាំង ហើយយើងត្រូវការពារការឆ្លងមេរោគក្នុងសង្គមឱ្យបានច្រើនតាមអាចធ្វើទៅបាន ដើម្បីការពារសត្វ និង សហការជាមួយវិធានការបង្កា ដែលបានដាក់ដោយសួនសត្វ»៕
ប្រភព ៖ The Asahi Shimbun