ចែកគ្នាដឹង! សត្វកែះ ជាសត្វកម្រ និងងាយរងគ្រោះ ត្រូវពពោះរាប់ខែ ហើយបង្កើតកូនម្ដងបានតែមួយប៉ុណ្ណោះ
កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ បានបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជាព័ត៌មានចំណេះដឹងទូទៅឱ្យមហាជនដឹងថា សត្វកែះ ដែលមានសម្បុរខ្មៅប្រផេះ និង រោមវែងស្តើង។ វាមានដងខ្លួនខ្លី ហើយជើងទាំង ៤ របស់វាវែង។
យោងតាមសារបង្ហោះបានឱ្យដឹងថា ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និង ផ្នែកក្រោមនៃជើង ចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅប្រផេះ លឿង ហើយ USAID មរតកបៃតងបានឱ្យដឹងទៀតថា បើគិតប្រហាក់ប្រហែលទៅនឹងមនុស្សយើងដែរ ពេលបន្តពូជ សត្វកែះត្រូវពពោះ ចន្លោះពី ៧ ទៅ ៨ ខែ ហើយវាបង្កើតកូនបានម្តងតែមួយប៉ុណ្ណោះក្នុងចន្លោះពីខែកញ្ញា ដល់ខែធ្នូ។
គួរឱ្យដឹងដែរថា សត្វកែះ មានស្រទាប់រោមវែងៗការពារខ្លួនរបស់វា ដែលគ្របដណ្ដប់ពីលើស្រទាប់រោមខ្លីៗ ដែលនៅជុំជិតស្បែករបស់វា ហើយគេអាចសម្គាល់សត្វកែះឈ្មោល បានដោយសារវាមានស្នែងពណ៌រាងស្រាលប្រវែង ប្រហែល ១៥ សង់ទីម៉ែត្រ និង កោងទៅខាងក្រោយ។
យ៉ាងណាមិញ សត្វកែះ អាចមានទំហំធំ ហើយអាចមានប្រវែងដល់ទៅ ១៨០ សង់ទីម៉ែត្រ និង ទម្ងន់ជាង ១៥០ គីឡូក្រាម វា ចូលចិត្តរស់នៅតែឯងនៅតំបន់ព្រៃភ្នំ និង មានទឹកដីរបស់ខ្លួនច្បាស់លាស់ ហើយជាធម្មតាវារស់នៅ ដោយកំណត់ព្រំដែនរបស់ខ្លួនត្រឹមតែ ២-៣ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ លើសពីនេះសត្វនេះតែងចេញរកស៊ីសកម្មបំផុតនៅពេលព្រឹកព្រលឹម និង ពេលព្រលប់។
គួរបញ្ជាក់ឱ្យដឹងដែរថា ចំនួនសត្វកែះ នៅក្នុងប្រទេសកម្ពុជា និង កន្លែងផ្សេងៗទៀតកំពុងថយចុះគួរឱ្យកត់សម្គាល់ ដោយសារតែការបរបាញ់យកសាច់ និង ផ្នែកផ្សេងៗនៃរាងកាយរបស់វា ដើម្បីប្រើក្នុងឱសថព្យាបាល ហើយវាក៏ជាប្រភេទសត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកលផងដែរ៕