នៅត្រីមាសទី ២ និង ទី៣ បើសង្កេតឃើញការឡើងទម្ងន់មិនប្រក្រតី ម៉ាក់ៗគួរប្រញាប់ទៅជួបគ្រូពេទ្យភ្លាម
អំឡុងពពោះ ការឡើងទម្ងន់ទៅតាមត្រីមាសអាចមកពីកត្តាផ្សេងៗដូចជា ការរំលាយអាហារ សកម្មភាពរាងកាយ និង ហ្សែនជាដើម។ ការឡើងទម្ងន់សន្សឹមៗ និង ការរក្សាការឡើងទម្ងន់ឱ្យថេរ វាជាផ្នែកមួយដ៏សំខាន់ ខណៈដែលរាងកាយមានតម្រូវការជាប្រចាំនូវសារធាតុចិញ្ចឹម និង កាឡូរី ដើម្បីផ្គត់ផ្គង់ការលូតលាស់របស់គភ៌។ ខាងក្រោមនេះ ជាការឡើងទម្ងន់ទៅតាមត្រីមាស សម្រាប់ស្ត្រីដែលមានទម្ងន់ធម្មតាមុនពេលមានផ្ទៃពោះ។
- ត្រីមាសទី១ ៖ អំឡុងពពោះត្រីមាសដំបូង ទម្ងន់គួរឡើងតិចតួច ដែលស្ត្រីភាគច្រើនឡើងពី ០,៩ – ១,៨១ គីឡូ។ ស្ត្រីមួយចំនួនអាចស្រកគីឡូដោយសារតែប្រឈមអាការចាញ់កូន តែវាមិនជាបញ្ហាចោទ។ ស្ត្រីមួយចំនួនទៀតអាចឡើងទម្ងន់ ដោយសារតែអាការឃ្លាននៅពេលចាញ់កូន។ ការស្រកឬឡើងទម្ងន់ច្រើនជាង ៥ – ១០ % នៃទម្ងន់មុនពេលពពោះក្នុងអំឡុងត្រីមាសទី ១ ស្ត្រីគួរតែពិភាក្សាជាមួយគ្រូពេទ្យ។
- ត្រីមាសទី ២ ៖ អំឡុងត្រីមាសទី ២ ការឡើងទម្ងន់គួរតែមានស្ថេរភាព ដែលជាមធ្យមក្នុងមួយសប្តាហ៍ឡើង ០,៤៥ គីឡូ។ បើសរុបក្នុងត្រីមាសទី ២ អាចឡើងពី ៤,៩ – ៥,៨ គីឡូ។
- ត្រីមាសទី ៣ ៖ អំឡុងត្រីមាសចុងក្រោយ ការឡើងទម្ងន់ក៏គួរតែឡើងសន្សឹមៗ និង មានស្ថេរភាពផងដែរ។ ការឡើងទម្ងន់ល្អគឺចន្លោះពី ០,២២- ០,៤៥ ក្នុងមួយសប្តាហ៍។ យ៉ាងណាមិញ នៅខែទី ៩ ស្ត្រីមួយចំនួនអាចឃើញទម្ងន់របស់ខ្លួនថេរ ឬអាចស្រកបន្តិចបន្តួច ដែលនេះវាជារឿងធម្មតាប៉ុណ្ណោះ។
ខណៈការឡើងទម្ងន់ខាងលើជាកម្រិតត្រឹមត្រូវទៅតាមត្រីមាស ទន្ទឹមគ្នានេះមានករណីមួយចំនួនដែលស្ត្រីគួរតែប្រញាប់ទៅជួបគ្រូពេទ្យផងដែរ។ តួយ៉ាង ការឡើងទម្ងន់ច្រើនជាង ១, ៣ គីឡូនៅក្នុងសប្តាហ៍ទី ១ នៃត្រីមាសទី ២ ឬ ឡើងទម្ងន់ច្រើនជាង ០, ៩០ គីឡូក្នុងមួយសប្តាហ៍នៅអំឡុងត្រីមាសទី ៣។ មួយវិញទៀត ការមិនឡើងទម្ងន់ច្រើនជាង ២ សប្តាហ៍នៅចន្លោះខែទី ២ ដល់ខែទី ៨ នៃអំឡុងពពោះ៕
ប្រភព៖ medicinenet