លាភក្នុងគ្រោះ! យុវជនដែលបាត់ម៉ូតូ ថ្ងៃទទួលសញ្ញាបត្រ ត្រូវឯកឧត្តម ស សុខា ឧបត្ថម្ភម៉ូតូថ្មី ១ គ្រឿង និង ថវិកាមួយចំនួន
នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ម្សិលមិញនេះ មានករណីបាត់ម៉ូតូ ១ គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈអ្នកដែលបាត់មានឈ្មោះ ហេង គឹមហុង បញ្ចប់ការសិក្សាលើមុខជំនាញ រូបវិទ្យា ដែលនាំឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាសម្ដែងក្ដីអាណិតអាសូរ ដែលត្រូវជួបបញ្ហាបាត់ម៉ូតូ ក្នុងថ្ងៃអបអរបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។
ក្រោយជួបរឿងហេតុបែបនេះ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ តាមរយៈផេក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកនេះ ឯកឧត្តមបានជួបសំណេះសំណាលជាមួយប្អូនប្រុស ហេង គឹមហុង ដែលមានទីលំនៅខេត្តរតនគិរី និង ក្រុមគ្រួសារហើយ ករណីបាត់ម៉ូតូ ចំនួន ១ គ្រឿង កាលពីម្សិលមិញនេះ ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ឱ្យដឹងទៀតថា ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្អូនប្រុស ឯកឧត្តម និង ក្រុមគ្រួសារ បានឧបត្ថម្ភម៉ូតូ ចំនួន ១ គ្រឿង និង ថវិកាមួយចំនួន ជូនដល់ប្អូនប្រុស និង ក្រុមគ្រួសារផងដែរ៕