ទិវាគ្រូបង្រៀនពិភពលោក ប្រារព្ធធ្វើឡើង ២៨ ឆ្នាំមកហើយ ហើយនេះជា ប្រវត្តិនៃការប្រារព្ធទិវានេះ
តើអ្នកដឹងទេជារៀងរាល់ថ្ងៃទី ៥ តុលា គេតែងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ដោយទិវាមួយនេះបានធ្វើឡើងអស់រយៈពេលជាង ២៨ ឆ្នាំមកហើយគិតចាប់តាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ។
ដើមកំណើតនៃការប្រារព្ធទិវានេះឡើង គឺផ្ដើមដោយអង្គការ UNESCO នៅក្នុងឆ្នាំ ១៩៩៤ បានកំណត់យកថ្ងៃទី ៥ ខែតុលាជា «ទិវាគ្រូបង្រៀនពិភពលោក» ក្នុងគោលបំណងលើកកម្ពស់ និងផ្ដល់កិត្តិយសឱ្យគ្រូបង្រៀនជុំវិញពិភពលោក មានសេចក្ដីក្លាហានគឺមានសិទ្ធបង្រៀនដោយសេរីភាព មិនមានការកៀបសង្កត់។ ទិវានេះធ្វើឡើងដើម្បីឱ្យដឹងពីសារៈសំខាន់នៃគ្រូបង្រៀន ដែលជាធនធានក្នុងការផ្ដល់ចំណេះដឹង និងអភិវឌ្ឍដល់យុវជនជំនាន់ក្រោយដែលមិនអាចខ្វះបាន។
ចាប់តាំងពីពេលនោះមក ជារៀងរាល់ថ្ងៃទី ៥ ខែតុលា នៃឆ្នាំនីមួយៗគេតែងធ្វើទិវានេះឡើងរៀងរាល់ឆ្នាំ ដើម្បីអបអរសាទរ និងរំលឹកគុណដល់លោកគ្រូ អ្នកគ្រូ។ ហើយនៅក្នុងប្រទេសមួយចំនួន បានយកថ្ងៃនេះជាថ្ងៃប្រជុំធំសម្រាប់គ្រូបង្រៀន ក្នុងការលើកមតិ និងស្វែងរកដំណោះស្រាយនូវផលលំបាកដែលគ្រូបង្រៀនជួបប្រទះ ហើយក៏ជាការដោះដូរមតិគ្នាទៅវិញទៅមកផងដែរ។ ប្រធានបទសម្រាប់ទិវាគ្រូបង្រៀននៅក្នុងឆ្នាំនេះគឺ៖ «The transformation of education begins with teachers ឬមានន័យថា បម្រែបម្រួលនៃវិស័យអប់រំគឺផ្តើមចេញពីគ្រូបង្រៀន»៕