តួអង្គល្បីៗ ៨ រូប ក្នុងរឿងស្តេចល្បែង សុទ្ធតែជាកំពូលមហាសេដ្ឋី ម្នាក់ៗមានលុយក្រាលដេក
ប្រិយមិត្តជាច្រើន ដែលនិយមទស្សនារឿងភាគហុងកុងប្រាកដណាស់ជាស្គាល់រឿងស្តេចល្បែង (God of Gamblers) ដែលជារឿងល្អមើលជក់ចិត្ត និង មិនចេះជិនណាយ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញពីតួអង្គ ៨ រូប សុទ្ធតែជាកំពូលអ្នកមាន មានលុយវាល់លានដុល្លារ។ តួអង្គ ៨ នាក់នោះ រួមមាន៖
៨. លោក Stephen Chow
លោក Stephen Chow ត្រូវបានប្រិយមិត្តស្គាល់ថាជា ទីនហ្វី លោកមិនត្រឹមតែជាតារាសម្តែងដ៏មានទេពកោសល្យ និង ប្រជាប្រិយភាពមួយរូបទេ តែលោកក៏ជាអ្នកផលិតករផលិតខ្សែភាពយន្តផងដែរ។ រីឯ ទ្រព្យសម្បត្តិរបស់លោកវិញ គឺមានចំនួន ៣០ លានដុល្លារ។
៧. Donnie Yen
ក្រៅពីរឿងស្តេចល្បែង លោក Donnie Yen ក៏ធ្លាប់បានសម្តែងក្នុងប្រភេទរឿងក្បាច់គុន និង ជាផលិតករមួយរូប ព្រមទាំងជាអ្នកដឹកនាំរឿង និងជាអ្នកបង្កើតក្បាច់រាំផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ លោកធ្លាប់ជាប់ចំណាត់ថ្នាក់ជាតារាសម្ដែង ដែលរកចំណូលបានច្រើនជាងគេបំផុត នៅអាស៊ីមួយរូបផងដែរ។ ចំពោះទ្រព្យសម្បត្តិសរុបរបស់លោកវិញ គឺមានចំនួន ៤០ លានដុល្លារ។
៦. Leon Lai
Leon Lai គឺជាតារាសម្តែងហុងកុង និងជាតារាចម្រៀង Canto-pop ដែលមានទ្រព្យសម្បត្តិ ៥០ លានដុល្លារអាមេរិក។ ក្រៅពីការសម្តែង លោកក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៍ថែមទៀតផង។
៥. Ng Man-tat (លោកបានទទួលមរណភាពក្នុងឆ្នាំ ២០២១)
លោក Ng Man-tat ទទួលបានភាពល្បីល្បាញ ដោយសារតែជំនាញសម្តែងបែបកំប្លែងរបស់លោក នៅក្នុងខ្សែភាពយន្តដូចជា Fight Back to School (1991) និង Shaolin Soccer (2001) ជាដើម។ ។ ចំណែកឯទ្រព្យសម្បត្តិរបស់លោកវិញ គឺមានចំនួន ៦០ លានដុល្លារ។
៤. Jordan Chan
ប៉ុន្មានឆ្នាំនេះលោក Jordan Chan បានទទួលភាពល្បីល្បាញក្នុងប្រទេសចិន ដោយសារតែការចូលរួមរបស់លោកនៅក្នុងកម្មវិធីល្បីៗដូចជា Call Me By Fire និង Where Are We Going dad ? ។ បើយោងតាមគេហទំព័រហុងកុង Oriental Sunday លោក Chan និងភរិយារបស់លោកគឺអ្នកនាង Cherrie Ying អាចរកចំណូលបានយ៉ាងតិច ២២៩,០០០ ដុល្លារក្នុងមួយភាគ ។ រីឯ ទ្រព្យសម្បត្តិរបស់លោកវិញ គឺមានចំនួនប្រមាណ ៦២ លានដុល្លារឯណោះ។
៣. Andy Lau
លោក Andy Lau ធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តជាង ១៦០ រឿងមកហើយ។ តាមរយៈសកម្មភាពសម្ដែងរបស់លោក បានធ្វើឱ្យលោកក្លាយជាតារាសម្តែង ដែលជោគជ័យបំផុតនៅហុងកុងនាពេលបច្ចុប្បន្ននេះ។ ក្រៅពីចំណូលដែលបានមកពីការសម្ដែងលោក Andy Lau ក៏មានក្រុមហ៊ុនផលិតភាពយន្តផ្ទាល់ខ្លួនទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកចម្រៀងដ៏ល្បីមួយរូបផងដែរ។ លើសពីនេះទៅទៀត លោកបានឈ្នះពានរង្វាន់នៅក្នុងកម្មវិធីតន្ត្រីធំៗចំនួន ២៩២ នៅអាស៊ី។ ចំណែកឯ ទ្រព្យសម្បត្តិរបស់លោកវិញ គឺមានចំនួន ៧០ លានដុល្លារ។
២. Chow Yun-fat
លោក Chow Yun-fat ដែលប្រិយមិត្តបានស្គាល់ និងធ្លាប់ហៅថា «បងចែ» ត្រូវបានគេចាត់ទុកថា ជាតារាសម្តែងដ៏ល្អបំផុតមួយនៅហុងកុង ហើយវាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលលោក Chow Yun-fat ឈរនៅលើកំពូលតារាងជាមួយ នឹងទ្រព្យសម្បត្តិដ៏ធំ គឺចំនួន ២០០ លានដុល្លារ។ ក្រៅពីនេះទៅទៀត លោកក៏ទទួលបានប្រជាប្រិយភាពរបស់លោកនៅទូទាំងអាស៊ី និង អឺរ៉ុបតាមរយៈភាពយន្ត A Better Tomorrow (1986), Crouching Tiger, Hidden Dragon (2000) និង Pirates of the Caribbean: At World’s End (2007) ។
១. Charles Heung
លោក Charles Heung ដែលមានឈ្មោះក្នុងរឿងស្តេចល្បែងថា «បងអ៊ូ» ដែលដើរតួរជាអង្គរក្សរបស់លោក Chow Yun-fat ។ បច្ចុប្បន្ននេះ លោក Charles Heung ដែលធ្លាប់ជាតារាសម្តែងហុងកុង បានប្រែក្លាយខ្លួនជា ផលិតករ និងជាពិធីករ ក៏ដូចជាប្រធានក្រុមហ៊ុន Win’s Entertainment និង China Star Entertainment Group ដែលជាប្រភពចំណូលយ៉ាងធំរបស់លោក ។ ចំពោះទ្រព្យសម្បត្តិសរុបរបស់លោកវិញ គឺមានចំនួន ១.២ ពាន់លានដុល្លារ៕
ប្រភព៖ Style