ការជក់បារីអំឡុងពេលពពោះ អាចធ្វើឱ្យភ្នែករបស់កូនបាត់បង់ការមើលឃើញតាំងពីតូច
នៅពេលកូនទើបកើត ភ្នែករបស់ពួកគេនឹងចាប់ផ្តើមលូតលាស់ឆាប់រហ័សក្នុងខែដំបូង។ ការប្រែប្រួលភ្នែករបស់ទារកអាចជាសញ្ញាបង្ហាញពីភាពប្រក្រតី និងមិនប្រក្រតី ដែលអ្នកម្តាយគ្រប់រូបគួរយកចិត្តទុកដាក់។ កាលណាបានដឹងមុនពីសុខភាពភ្នែករបស់កូន វាអាចមានប្រយោជន៍ជួយបញ្ចៀសកូនពីការបង្កទៅជាធ្ងន់ធ្ងរ ឬហួសពេលដែលអាចប៉ះពាល់ដល់អនាគតរបស់ពួកគេ។ ទាំងនេះជារឿងពិតមួយចំនួននៃការប្រែប្រួលភ្នែករបស់កូន ខណៈដែលមានករណីមួយចំនួនអាចបង្កជាបញ្ហាសឹងនឹកស្មានមិនដល់។
១. ភ្នែកកូនទើបកើតមិនទាន់មើលឃើញទាំងស្រុង
ទារកទើបកើតអាចមានលទ្ធភាពមើលឃើញចម្ងាយត្រឹម ៣០-៣៥ ស.ម ដែលពួកគេអាចមើលឃើញជិតៗត្រឹមពេលកំពុងបំបៅប៉ុណ្ណោះ។ នៅពេលទារកអាយុ ២ ទៅ ៣ ខែ ពេញលេញ ទំនាក់ទំនងរវាងស្រទាប់បាតភ្នែក និងខួរក្បាលនឹងចាប់ផ្តើមបង្កបង្កើតឡើង ធ្វើឱ្យកម្រិតមើលឃើញមានការអភិវឌ្ឍ ដែលអាចឱ្យទារកផ្តោតការមើលឃើញកាន់តែច្បាស់ទៅកាន់វត្ថុជុំវិញខ្លួន។
២. ភ្នែកទារកអាចមើលចូលគ្នាចម្លែក
នៅអំឡុងពីរខែដំបូង ភ្នែករបស់ទារកអាចមើលចូលគ្នា ឬមើលចេញក្រៅសងខាងខុសប្លែកធម្មតា។ តែយ៉ាងណាមិញ ករណីនេះមិនមានអ្វីជាបញ្ហាឡើយ។ នៅ ៣ ទៅ ៤ ខែបន្ទាប់ ភ្នែកទាំងគូរបស់ទារកនឹងរៀនពីការសហការគ្នាសម្លឹងទៅកាន់វត្ថុផ្សេងៗ ខណៈដែលការមើលឃើញ និងរាងកាយរបស់ពួកគេលូតលាស់កាន់តែលឿន។ ករណីសម្គាល់ឃើញថានៅអំឡុងខែទី ៣ បើភ្នែកទារកនៅមិនទាន់ប្រក្រតី អ្នកគួរប្រញាប់យកទៅពិភាក្សាជាមួយគ្រូពេទ្យ។
៣. នៅអាយុ ៥ ខែ ភ្នែកទារកអាចមើលឃើញបែប 3D
នៅពេលដែលភ្នែកទារកធ្វើការត្រូវគ្នា ទារកនឹងរៀនពីការស្ទង់ចម្ងាយ និងអាចមើលឃើញវត្ថុមានលក្ខណៈផុសត្រដែត។ នៅអាយុនេះ ទារកនឹងចង់ចាប់ ចង់ប៉ះ ចង់លេង ដោយសារតែពួកគេអាចកំណត់ដឹងវត្ថុនោះនៅចម្ងាយប៉ុនណា ហើយក៏រៀនពីទំហំ និងជម្រៅរបស់វត្ថុនោះ។
៤. ភ្នែកស្រលៀង
ប្រសិនបើភ្នែកមួយចំហៀងមើលទៅត្រង់ ឯមួយចំហៀងទៀតមើលទៅលើ ឬមើលទៅក្រោម ឬមើលមកក្នុង ឬមើលចេញក្រៅ វាអាចជាករណីពាក់ព័ន្ធនឹងបញ្ហាភ្នែកស្រលៀង។ ភ្នែកស្រលៀងមានភាគរយអាចកើតឡើងតិចតួច បើដោះស្រាយទាន់ពេល វានឹងភាពជោគជ័យមួយរយភាគរយ ជាពិសេសនៅអំឡុង ៣ ទៅ ៤ ខែដំបូងបន្ទាប់ពីកើត។
៥. ការជក់បារីអាចបង្កហានិភ័យតាំងពីនៅក្នុងពោះ
ការជក់បារីរមែងបង្កហានិភ័យចំពោះសុខភាពទាំងអ្នកមិនពពោះ និងអ្នកពពោះ។ សម្រាប់ស្ត្រីដែលជក់បារីនៅអំឡុងពពោះ អាចមានភាគរយប្រឈមនឹងការសម្រាលមុនខែ ឬទារកកើតមិនគ្រប់ខែ។ ការជក់បារីនៅអំឡុងពពោះ អាចធ្វើឱ្យភ្នែករបស់កូនបាត់បង់ការមើលឃើញតាំងពីតូច ឬអាចឈានដល់ពិការភ្នែកពីកំណើតផងដែរ។ និយាយរួម ការជក់បារីអំឡុងពពោះអាចបង្កើនការប្រឈមបាក់តេរីរលាកស្រោមខួររហូតដល់ទៅ ៥ ដង ដែលជាលទ្ធផលធ្វើឱ្យបាត់បង់ការមើលឃើញ៕