កប់ខ្លាំង! លោកជំទាវ យឹម ឆៃលីន ជិះឧទ្ធម្ភាគចក្រទៅទទួលទានអាហារពេលព្រឹក ជាមួយទិដ្ឋភាពភ្នំ Everest ខ្ពស់ជាងគេបំផុតលើពិភពលោក
ជារឿយៗ លោក ជំទាវ យឹម ឆៃលីន តែងឆ្ពោះទៅកម្សាន្តនៅតំបន់ទេសចរណ៍ល្បីៗលើពិភពលោកទាំងប៉ែកអាស៊ី និង អឺរ៉ុប។ ពេលខ្លះលោកជំទាវក៏នាំកូនៗ និង ក្រុមគ្រួសារទៅកម្សាន្តផងដែរ។ ជាក់ស្តែង ថ្មីៗនេះនៅលើគណនី Instagram លោកជំទាវទើបតែបង្ហោះរូបភាពទៅកម្សាន្តកន្លែងដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក គឺនៅភ្នំអេរើរេស (Mount Everest) ដែលជាភ្នំដ៏ខ្ពស់បំផុតទីមួយរបស់ពិភពលោក ស្ថិតនៅក្នុងជួរភ្នំហិមាល័យ នៅចន្លោះប្រទេសនេប៉ាល់ និង ចិន។
តាមរយៈរូបភាព និង វីដេអូ លោកជំទាវ បានស្លៀកពាក់តុបតែងខ្លួនយ៉ាងឡូយជាមួយឈុតបែបអាកាសធាតុត្រជាក់ ជាអៀមអាវជាប់ខោពាសដោយក្រឡាផ្កា និង មានលេងស្ទីលមួករោមសត្វ ថែមដោយវ៉ែនតា និង ស្រោមដៃទៀត ពិតជាឡូយខ្លាំងមិនចាញ់តារាហូលីវូដឡើយ។ ទស្សនាវីដេអូរបស់លោកជំទាវ ពិតជាធ្វើឱ្យគ្រប់គ្នាមានក្តីស្រមៃចង់ទៅដល់ទីនោះជាខ្លាំង ជាក់ស្តែងនៅក្នុងវីដេអូលោកជំទាវបានឡើងជិះឧទ្ធម្ភាគចក្រទស្សនាទិដ្ឋភាពភ្នំអេរើរេសពីលើមេឃ ព្រមទាំងហោះហើរទៅទទួលទានអាហារពេលព្រឹកនៅកន្លែងមួយ ដែលអាចគយគន់ទេសភាពភ្នំអេរើរេសយ៉ាងពេញភ្នែក ពិតជាអស្ចារ្យបំផុត។
ជាមួយការបង្ហោះនេះដែរ លោកជំទាវបានភ្ជាប់សំណេរខ្លីថា ៖ «Breakfast With An Amazing View !!. Mount Everest Bucket list 2024»។ ក្រោយការបង្ហោះនេះ មហាជនជាច្រើនដែលតែងតែតាមដាន និង ស្រឡាញ់ចូលចិត្តលោកជំទាវបានចូលចុច Like និង Comment រូបបេះដូងជាហូរហែ៕