សារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ មន្ត្រីកូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងត្បូងនឹងមិនតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេសចិន ធ្វើតេស្តរកកូវីដ-១៩ ទៀតទេ ចាប់ពីខែមីនា តទៅ ដែលនេះជាការបន្ធូរបន្ថយច្បាប់ចុងក្រោយបង្អស់របស់ប្រទេសខ្លួន ដើម្បីបញ្ឈប់មេរោគជាសកលមួយនេះ។
គួររំឭកដែរថា ក្រោយពីប្រទេសចិន បានប្រកាសដកចេញគោលនយោបាយ «សូន្យកូវីដ» មក ខាងប្រទេសកូរ៉េខាងត្បូង ក៏បានដាក់កំហិតជាច្រើនលើអ្នកដំណើរ ដែលមកពីប្រទេសចិន ប៉ុន្តែនៅពេលថ្មីៗនេះក៏បានបន្ធូរបន្ថយច្បាប់ឡើងវិញ ដោយបានលើកឡើងពីស្ថានភាពកូវីដ ដែលមានភាពប្រសើរឡើងវិញនៅក្នុងប្រទេសជិតខាងរបស់ខ្លួន។
បើតាមការបញ្ជាក់របស់លោក Kim Sung-ho អនុរដ្ឋមន្ត្រីនៅក្រសួងមហាផ្ទៃ និង សន្តិសុខ បានលើកឡើងថា៖ «ការបន្ធូរបន្ថយលើវិធានការធ្វើចត្តាឡីស័កអាចធ្វើទៅបាន ដោយសារអត្រាវិជ្ជមានក្នុងចំណោមការមកដល់ពីប្រទេសចិន បានធ្លាក់ចុះពី ១៨.៤ ភាគរយក្នុងសប្តាហ៍ដំបូងនៃខែមករាមកត្រឹម ០.៦ ភាគរយក្នុងសប្តាហ៍ទីបីនៃខែកុម្ភៈនេះ»។ ជាមួយគ្នានោះចាប់ពីថ្ងៃទី ០១ ខែមីនា តទៅ ប្រទេសកូរ៉េខាងត្បូង ក៏នឹងអនុញ្ញាតឱ្យជើងហោះហើរពីប្រទេសចិន ចុះចតនៅអាកាសយានដ្ឋានក្រៅពីអាកាសយានដ្ឋានអន្តរជាតិ Incheon ដែលជាច្រកផ្លូវតែមួយគត់សម្រាប់ជើងហោះហើរពីប្រទេសចិន កំណត់តាំងពីដើមខែមករាមក។
មិនតែប៉ុណ្ណោះលោក Kim បាននិយាយទៀតថា ៖ «ការធ្វើតេស្ត PCR ចាំបាច់មុនពេលចេញដំណើរសម្រាប់អ្នកដំណើរពីប្រទេសចិន នឹងនៅតែមានរហូតដល់ថ្ងៃទី ១០ ខែមីនា ដើម្បីតាមដាន និង វាយតម្លៃផលប៉ះពាល់នៃការបន្ធូរបន្ថយច្បាប់នេះ»។
គួរបញ្ជាក់ដែរថា ថ្មីៗនេះប្រទេសកូរ៉េខាងត្បូង ក៏បានប្រកាសបន្តការចេញទិដ្ឋាការរយៈពេលខ្លីសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន។ ចំណែកឯ ទីក្រុងប៉េកាំងក៏បានឆ្លើយតបទៅនឹងការបន្ធូរបន្ថយរបស់កូរ៉េខាងត្បូង ដោយការប្រកាសបញ្ឈប់ការរឹតបន្តឹង និង ចេញទិដ្ឋការសម្រាប់ជនជាតិកូរ៉េ វិញធម្មតា៕
ប្រភព ៖ Reuters