ផ្ទុះការជជែកក្ដៅគគុក! ឈុតតំណាងជាតិ Miss Planet អង់គ្លេស ឆ្នាំនេះ ច្នៃម៉ូដដូចតួអង្គមេធ្មប់ការ៉ាបាក្នុងរឿង Kiriku
រយៈពេលជាង ១ សប្ដាហ៍ហើយ ដែលកម្មវិធីអន្តរជាតិ Miss Planet International 2024 លើកទី ៤ បានដំណើរការប្រកួតលើទឹកដីកម្ពុជាជាម្ចាស់ផ្ទះ ដោយបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗបានជួបជុំ ដើរទស្សនកិច្ច និង ប្រកួតលើវិញ្ញាសាផ្សេងៗបន្តបន្ទាប់។ ពេលនេះដែរ នៅសល់ ១ ថ្ងៃទៀតកម្មវិធី Miss Planet International 2024 នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ គឺធ្វើឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។
យ៉ាងណាមិញ មុនឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ កម្មវិធី Miss Planet International 2024 ក៏បានដឹកនាំបេក្ខភាពបវរកញ្ញាទាំង ៦៥ ប្រទេស ធ្វើដំណើរទស្សកិច្ចលើទឹកដីអង្គរខេត្តសៀមរាប ដែលឃើញសកម្មភាពបេក្ខភាពបវរកញ្ញានីមួយៗ បានស្លៀកពាក់ឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ព្រមទាំងគ្រងឈុតតំណាងជាតិរបស់ខ្លួនថតបង្ហាញលើទឹកដីប្រាសាទអង្គរវត្តត្រៀមសម្រាប់ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រផងដែរ។
ជាមួយគ្នានោះ តាមរយៈរូបភាពនៃការថតបង្ហាញឈុតតំណាងជាតិរបស់បេក្ខភាពបវរកញ្ញាទាំង ៦៥ ប្រទេស ឃើញថាក្នុងចំណោមនោះ ក្រឡេកទៅមើលឈុតតំណាងជាតិរបស់ Miss Planet អង់គ្លេស ត្រូវបានមហាជនអ្នកគាំទ្រកម្ពុជាមានការចាប់អារម្មណ៍ និង ចែករំលែកខ្លាំង ដែលឃើញឈុតរបស់បវរកញ្ញារូបនេះស្អាតប្លែក និង ធ្វើឱ្យមហាជននឹកឃើញដល់តួអង្គក្នុងសាច់រឿងតុក្កតាមួយ ឈ្មោះ Karaba ជាតួអង្គមេធ្មប់ក្នុងរឿង Kiriku៕