គំរូមែន! ខេត្តមួយនេះមានរៀបចំលក់សាច់ បន្លែធម្មជាតិគ្មានការនាំចូល សុទ្ធជាផលិតផលអ្នកភូមិស្រុកក្នុងសហគមន៍
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ស្ងើចសរសើរជាខ្លាំង ចំពោះសកម្មភាពលក់សាច់ បន្លែស្រស់ៗធម្មជាតិ និង ផលិតផលផ្សេងៗ ផលិតដោយសហគមន៍ផ្ទាល់ រៀបចំជាស្តង់លក់នៅត្រង់ចំណុចសូន ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ រៀងរាល់ថ្ងៃចុងសប្ដាហ៍។
បើតាមការឱ្យដឹងពីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានឱ្យដឹងថា ផ្សារចុងសប្តាហ៍ខេត្តកំពង់ធំ មានរៀបចំឡើងនៅទីតាំងសួនកុមារ ខេត្តកំពង់ធំ មានបើកលក់វេលាម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច រាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ ដែលក្នុងនោះមានការរៀបចំជាស្តង់ មានដាក់លក់ផលិតផល ដូចជាមាន់ស្រែ បន្លែ គ្រាប់ស្វាយចន្ទី និង ផលិតផលខ្មែរដ៏ទៃទៀត ផលិតដោយសហគមន៍ ជុំវិញខេត្តផ្ទាល់តែម្ដង។
តាមរយៈការរៀបចំនេះ ពិតជាធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការកោតសរសើរខ្លាំងណាស់ដល់ក្រុមការងារខេត្តកំពង់ធំ ដែលបានផ្ដួចផ្តើមគំនិតបង្កើតផ្សានេះឡើង ដោយនាំយកផលិតបងប្អូនក្នុងតំបន់មកដាក់លក់ ដោយគ្មានសារជាតិគីមី និង រួមគ្នាលើកទឹកចិត្តបងប្អូនកសិករឱ្យមានកម្លាំងចិត្តបង្កបង្កើនទិន្នផលបន្ថែម ព្រមទាំងអាចជួយកាត់បន្ថយនូវការនាំចូលពីប្រទេសជិតខាងទៀតផង៕