ពាក់អៀមខ្មៅម្តងទៀត ប៊ុន លីនណា លួចមានមោទកភាពលើខ្លួនឯង ទោះបីប្រផុតប្រផើយនឹងជម្រុះចេញ
ជាការពិតណាស់ អ្នកនិយមទស្សនាកម្មវិធីប្រកួត MasterChef Cambodia រដូវកាលទី ៣ រហូតមកដល់សប្តាហ៍ទី ១៨ កន្លងទៅនេះ ច្បាស់ជាបានស្គាល់មកហើយ នូវបេក្ខជនឆ្នើមមួយរូប គឺកញ្ញា ប៊ុន លីនណា ដែលទទួលបានការសរសើរជាបេក្ខជនមានជំនាញផ្នែករសជាតិ។
ក្នុងនោះ មុននឹងឈានមកក្លាយជាបេក្ខជនឆ្នើម Top 9 នោះ កញ្ញា ប៊ុន លីនណា ក៏ប៊ិះនឹងត្រូវចាកចេញពីកម្មវិធីជាច្រើនដងមកហើយ រហូតនាងបានដាក់រហ័ស្សនាមខ្លួនឯងថា «រាជិនីអៀមខ្មៅ»។
យ៉ាងណាមិញ នៅសប្តាហ៍ទី ១៨ កញ្ញា ប៊ុន លីនណា បានពាក់អៀមខ្មៅជាថ្មីម្តងទៀតហើយ ដោយវគ្គនេះ គឺពិតជាធ្វើឱ្យអ្នកទស្សនាមានការបុកពោះយ៉ាងខ្លាំង ក៏ព្រោះបេក្ខជនអៀមខ្មៅផ្សេងទៀត ក៏សុទ្ធតែជាជើងខ្លាំង។ តែជាយ៉ាងណាក៏ដោយ ឆ្លងកាត់ការប្រឹងប្រែងអំឡុងពេលអៀមខ្មៅ កញ្ញា ប៊ុន លីនណា ក៏ធ្វើបានល្អ អាចឡើងទៅតំបន់សុវត្ថិភាពបាន។
ក្រោយឆ្លងកាត់ ការប្រកួតយ៉ាងក្តៅគគុក និង រក្សាអៀមសជាថ្មីម្តងទៀតហើយនោះ កញ្ញា ប៊ុន លីនណា បានបង្ហោះសាររៀបរាប់ស្គាល់ពីខ្លួនឯងយ៉ាងច្បាស់លើវិស័យចម្អិនម្ហូបថា៖ «ចាប់ផ្តើម មានមោទកភាពចំពោះខ្លួនឯងក្នុងវគ្គនេះ! ទោះបីជិតដល់មាត់ជ្រោះ ក៏ខ្ញុំបានប្រើប្រាស់ទាំងខួរក្បាល ការគិត និង ទឹកដៃដែលខ្លួនឯងមាន ហើយក៏ស្គាល់ខ្លួនឯងកាន់តែច្បាស់ ថាខ្លួនឯងពិតជាស្រលាញ់វិស័យចុងភៅមួយនេះ»៕