ប្រុងប្រយ័ត្ន! ព្យុះ ២ ជួបគ្នា ឈ្មោះ «ជីប៊ី» និង «ក្រាតធន» ធ្វើឱ្យមានឥទ្ធិពលលើកម្ពុជា អាចមានភ្លៀងខ្យល់កន្ត្រាក់
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា ព្យុះទី ១៧ ឈ្មោះ ជីប៊ី (Jebi) និង ព្យុះទី ១៨ ឈ្មោះ ក្រាតធន (Krathon) បានកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្តគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និង លើព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់វាលទំនាប គ្របដណ្ដប់ ៣៥% និង តំបន់ខ្ពង់រាប គ្របដណ្ដប់ ២៥%។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសនិរតី និង បស្ចិម មានល្បឿនមធ្យម ២,៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣៥%។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសនិរតី និង ពាយ័ព្យមានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និង ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៣°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ២,៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១០%។
– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,២៥ ម៉ែត្រ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម ៖