ត្រៀមៗ! ឆ្នាំ ២០២៥ នាងនុត «ខ្មោចដើមចេកជ្វា» នឹងចេញលងម្ដងទៀត ជាមួយ Version ព្រឺព្រួចជាងមុន
និយាយពីភាពយន្តបុរាណខ្មែរបែបព្រឺព្រួច ភ័យរន្ធត់រឿង «ខ្មោចដើមចេកជ្វា» មហាជនអ្នកគាំទ្រដែលធ្លាប់ទស្សនាបានជ្រាបហើយថាភាពយន្តបុរាណមួយនេះ ផ្ទុះល្បីល្បាញខ្លាំងតាំងពីអំឡុង ២០០៥ មក។
ភាពយន្ត «ខ្មោចដើមចេកជ្វា» ត្រូវបានគេដឹងថាដឹកនាំផលិតឡើងដោយលោក ហេង តុលា និង និពន្ធដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែរដោយសាស្ត្រាចារ្យ អ្នកស្រី ម៉ៅ សំណាង កាលពីឆ្នាំ ២០០៥។
លើសពីនេះ ខ្សែភាពយន្តភ័យរន្ធត់លងបន្លាចដ៏ល្បីនេះ ទទួលបានការគាំទ្រខ្លាំងពីបណ្ដាទស្សនិកជនទូទាំងប្រទេស ដែលជាសាច់រឿងដ៏ល្អមើលខ្លាំងបូករួមទាំងស្នាដៃសម្ដែងដ៏ប៉ិនប្រសប់របស់តួអង្គខ្មែរល្បីៗកាលពីជំនាន់នោះផងដែរ។
ដោយឡែក ក្រោយពីភាពយន្តល្បីល្បាញរំលងជាង ២០ មកដល់ថ្មីៗនេះ ក៏បានឃើញផលិតករភាពយន្តខ្មែរ ក្នុងផលិតកម្ម Tiny Film Production បានប្រកាសត្រៀមផលិតនូវខ្សែភាពយន្តខ្មែរ «ខ្មោចដើមចេកជ្វា» ឡើងវិញ ទៅជាភាពយន្តខ្នាតធំដ៏ព្រឺព្រួចចាក់បញ្ចាំងក្នុងរោងភាពយន្តនៅឆ្នាំ ២០២៥ ម្ដង។
ក្នុងនោះ ផលិតកម្ម Tiny Film Production ក៏បានឱ្យដឹងថាគម្រោងនៃការផលិតភាពយន្តដ៏ល្បីនេះឡើងវិញ នឹងមានការចូលរួមសហការផលិតដោយផលិតករ និង អ្នកដឹកនាំជើងចាស់កាលពីឆ្នាំ ២០០៥ នោះ គឺលោក ហេង តុលា ផងដែរ។
ការបង្ហោះរបស់ Tiny Film Production បានរៀបរាប់ថា ៖ «“ឱអ្នកប្រុសរូបស្អាត ចូលពួននៅគុម្ពម៉ាតស្ងួនរកមិនឃើញ” ខ្សែភាពយន្តខ្មែរល្បីរន្ទឺកាលពី ២០ ឆ្នាំមុន បានត្រឡប់មកវិញដោយមានការសហការផលិតជាមួយនឹងផលិតករ និង អ្នកដឹកនាំជើងចាស់កាលពីឆ្នាំ ២០០៥ គឺលោក ហេងតុលា នឹងផ្តល់ជូនជាថ្មីនូវភាពរន្ធត់ព្រឺរោមហើបខ្លួនពីកៅអីជាមួយសាច់រឿងចាស់បូកបច្ចេកទេសថ្មី មកដល់រោងភាពយន្តឆ្នាំ 2025 កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា #tinyfilmproduction #ខ្មោចដើមចេកជ្វា2025»។
យ៉ាងណាមិញ គ្រាន់តែផលិតកម្ម Tiny Film Production ចេញបង្ហោះសារ និង Poster នៃការផលិតភាពយន្ត «ខ្មោចដើមចេកជ្វា» ២០២៥ នេះភ្លាម មហាជនអ្នកគាំទ្រវិស័យភាពយន្តខ្នាតធំ ក៏កំពុងផ្ទុះចាប់អារម្មណ៍ចែករំលែក និង បង្ហាញចិត្តរងចាំទស្សនាស្នាដៃថ្មីនៃការផលិតសាច់រឿងដ៏ព្រឺព្រួចនេះឡើងវិញផងដែរ៕