ព្រឺខ្លួនខ្ញាក! ក្មេងអាយុ ២ ឆ្នាំរាគធ្ងន់ធ្ងរ ពេលបញ្ជូនទៅពេទ្យពិនិត្យ ឃើញព្រូនប៉ុនៗផ្លែធូបជាង ១០០ ក្បាលនៅក្នុងពោះវៀន
សារព័ត៌មាន Ettoday បានរាយការណ៍ពីករណីរបស់ក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់នៅវៀតណាម មានអាការរាគរហូតដល់សន្លប់ ហើយត្រូវគ្រូពេទ្យធ្វើការវះកាត់ទៅក៏ឃើញមានសត្វព្រូនជាង ១០០ ក្បាលនៅក្នុងពោះវៀនតូច។
តាមព័ត៌មានបានឱ្យដឹងថា ដំបូងឡើយក្មេងប្រុសរូបនេះបានកើតការឡើងកម្តៅ និង រាគរូសធម្មតា ហើយក៏ត្រូវឪពុកម្តាយបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យដើម្បីតាមដានព្យាលបាល ប៉ុន្តែក្រោយពីសម្រាកនៅមន្ទីរពេទ្យចំនួន ២ ថ្ងៃ អាការរបស់គេក៏នៅតែមិនធូរស្បើយ ទើបឪពុកម្តាយក៏បានផ្លាស់មន្ទីរពេទ្យ តែខណៈទៅមន្ទីរពេទ្យមួយទៀត ក្មេងប្រុសរូបនេះក៏បានសន្លប់បាត់ស្មារតី ដែលត្រូវបញ្ជូនចូលសង្រ្គោះបន្ទាន់តែម្តង។
យ៉ាងណាមិញ គ្រូពេទ្យបានរកឃើញថាក្មេងប្រុសនេះមានការស្ទះក្នុងពោះវៀន ព្រមទាំងបានឆ្លងមេរោគ ទើបគ្រូពេទ្យក៏បានធ្វើការវះកាត់បន្ទាន់ចំនួន ២ ម៉ោង ដោយបានប្រមូលយកសត្វព្រូនចេញពីពោះវៀនតូចរបស់ក្មេងប្រុសនោះបានរហូតដល់ជាង ១០០ ក្បាល។
ជាសំណាងល្អក្មេងប្រុសនោះក៏ធូរស្បើយយ៉ាងច្រើនក្រោយពីវះកាត់រួច ហើយចុងក្រោយគ្រូពេទ្យក៏បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានព្រូនច្រើនយ៉ាងនេះ ក៏ព្រោះតែក្មេងមានទម្លាប់មិនលាងដៃមុនចាំអាហារ ដូច្នេះឪពុកម្តាយត្រូវណែនាំកូនឱ្យបានត្រឹមត្រូវ៕
ប្រភព៖ Sanook