ប៉ែន ចំរុង លុតជង្គង់គោរពដឹងគុណ ខាត់ សុឃីម ដែលបណ្ដុះបណ្ដាលឱ្យលោកចេះជំនាញពិសេសមួយពីលើអាជីពចាស់
កាលពីថ្មីៗកន្លងទៅ ពិធីករល្បីឈ្មោះ លោក ប៉ែន ចំរុង និង ភរិយា បានរៀបចំកម្មវិធីខួបកំណើតកូនស្រីច្បង និង ពិធីបង្កក់កូនស្រីទី ២ របស់ពួកគេយ៉ាងធំគគ្រឹកគគ្រេង ដែលមានការចូលរួមពីបងប្អូន សាច់ញាតិ មិត្តអ្នកសិល្បៈជាច្រើន។
ក្នុងកម្មពិធីជប់លៀងដ៏ធំនេះ លោក ប៉ែន ចំរុង ក៏បានរៀបចំពេលវេលាមួយដើម្បីបង្ហាញការគោរពដឹងគុណដល់អ្នកមានគុណទាំងអស់របស់លោក ដោយបានលត់ជង្គង់ជូនកម្រងផ្កា លោកឪពុកអ្នកម្ដាយ បងប្អូន និង រៀមច្បងសិល្បករដែលធ្លាប់បានជួយទូន្មានណែនាំជ្រោមជ្រែងរូបលោកកន្លងមកផងដែរ។
ខណៈនោះ គេក៏បានឃើញវត្តមានតារាស្រីអ្នកនាង ខាត់ សុឃីម ក៏ជារៀមច្បងមួយរូប ដែលលោក ប៉ែន ចំរុង ចាត់ទុកជាអ្នកមានគុណមួយរូប ដែលបានឃើញលោកលត់ជង្គង់ជូនកម្រងផ្កា និង ឱបអ្នកនាង បង្ហាញការគោរពដឹងគុណចំពោះអ្នកនាងដែរ។
ក្រោយទទួលបានការដឹងគុណពីលោក ប៉ែន ចំរុង ដែលបង្ហាញទង្វើដ៏ល្អប្រពៃនេះ ក៏បានឃើញអ្នកនាង ខាត់ សុឃីម បង្ហោះរូបភាពភ្ជាប់ជាមួយសារសរសើរពីទឹកចិត្តរបស់លោកដែរថា ៖ «ការដឹងគុណចំពោះរៀមច្បងរបស់ប្អូន គឺជាគំរូល្អប្រពៃ Pen Chomrongg @ប៉ែនចំរ៉ុង»។
ជាមួយគ្នានោះដែរ លោក ប៉ែន ចំរុង ក៏បានចែករំលែកបន្ត និង រៀបរាប់ពីអារម្មណ៍ដឹងគុណរបស់ខ្លួន ដែលចាត់ទុករៀមច្បងរូបនេះ ដូចជាអ្នកផ្ដល់កំណើតឱ្យលោកម្នាក់ដែរ ដោយបានជួយទូន្មានប្រដៅរូបលោកឱ្យរៀនរស់ជាថ្មី និង ទទួលបានអាជីពមួយពីអ្នកនាង គឺក្លាយជាអ្នកកាត់សក់បង្កក់សិរីម្នាក់។ សារនោះ លោក ប៉ែន ចំរុង រៀបរាប់ថា ៖ «ប្អូនសូមអរគុណ និង ដឹងគុណ ដែលផ្តល់កំណើតឱ្យប្អូនក្លាយអ្នកកាត់សក់បង្កក់សិរី និង ប្រដៅប្អូនឱ្យហ៊ានរស់សារជាថ្មី»៕