រៀបការជិត ១ ឆ្នាំ ស៊ូលី ផេង និង ភរិយា រស់នៅជីវិតគូយ៉ាង Private និងបន្តចេញចម្រៀងបែប Sad ធម្មតា
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាជិតមួយឆ្នាំហើយ បើគិតចាប់តាំងពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ដែលតារាចម្រៀងសំឡេងផ្អែមលោក ស៊ូលី ផេង បានដឹកដៃកូនក្រមុំអ្នកខេត្តកំពង់ចាមរៀបការក្លាយជាប្តីប្រពន្ធតាមប្រពៃណី។
ក្នុងនោះដែរ គេចាំបានថា មុននឹងថ្ងៃមង្គលការបានមកដល់ លោក ស៊ូលី ផេង បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្ងាត់ៗលោកបង្ហាញរូបភាព Pre-Wedding ខណៈកន្លងមកលោកមិនធ្លាប់លេចឮដំណឹងមានម្ចាស់ចិត្តសោះនោះ។
យ៉ាងណាមិញ ក្រោយរៀបការរួច លោក ស៊ូលី ផេង ក៏មើលទៅហាក់រស់នៅយ៉ាង Private ក្នុងជីវិតគូរបស់លោកយ៉ាងស្ងប់ស្ងាត់មានក្ដីសុខជាមួយនឹងភរិយា គឺអ្នកនាង ឡេង វល័ក្ខ ដោយពួកគេមិនសូវបង្ហាញពីជីវិតឯកជននៅលើបណ្ដាញសង្គមដូចគូស្នេហ៍សិល្បៈមួយចំនួនឡើយ។ លើសពីនេះ ដ្បិតថាជីវិតពិតរបស់ ស៊ូលី ផេង មានស្នេហាដ៏ផ្អែមល្ហែមជាមួយភរិយាក្ដី ប៉ុន្ដែលោកនៅតែបន្តចេញបទចម្រៀងបែបមនោសញ្ចេតនាស្នេហាឈឺចាប់បម្រើអារម្មណ៍អ្នកគាំទ្រដដែល។
ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលភរិយារបស់លោក ស៊ូលី ផេង ឯណោះវិញ ក៏មមាញឹកមិនចាញ់ស្វាមីនោះឡើយ ពោលគឺអ្នកនាងក៏កំពុងមើលការខុសត្រូវហាងក្នុងនាមជាថៅកែអាជីវកម្មមួយរូបដែរ៕