បញ្ចប់អាជីពចម្រៀង និង មិនសូវបង្ហាញមុខក្នុងកម្មវិធីអ្នកសិល្បៈ អាណា សំងំធ្វើថៅកែហាងមួយយ៉ាងជោគជ័យ
អស់រយៈពេលជិត ២០ ឆ្នាំហើយ ដែលតារាចម្រៀងពេញនិយម អាណា ម្ចាស់បទ «ម្ចាស់គ្រងបេះដូង» ក្នុងផលិតកម្ម SSB បានបាត់មុខក្នុងវិស័យសិល្បៈ ធ្វើឱ្យអ្នកគាំទ្រជាច្រើននឹករឭក និង ចង់ដឹងពីសុខទុក្ខរបស់តារាស្រីរូបនេះយ៉ាងខ្លាំង។
ក្នុងពេលបាត់មុខពីសិល្បៈនោះ គេបានដឹងថាអតីតតារាចម្រៀង អាណា បានរៀបអាពាហ៍ពិពាហ៍រួចមកហើយ ដោយមកដល់ពេលនេះ អាណា កំពុងសាងជីវិតឯកជន រស់នៅជាមួយគ្រួសារយ៉ាងមានសុភមង្គល និង ទទួលបានចំណងដៃកូនស្រីចំនួន ២ នាក់ ហើយដែរ។
ស្របពេលនឹងជីវិតឯកជនកំពុងតែសុខសាន្តនោះ អតីតតារាចម្រៀង អាណា ហាក់មិនអើពើវិលមកកាន់វិថីសិល្បៈវិញនោះឡើយ និង មិនសូវបង្ហាញវត្តមានក្នុងកម្មវិធីរបស់អ្នកសិល្បៈនោះទេ។ ម្យ៉ាងវិញទៀត អ្នកនាង សំងំរស់នៅយ៉ាងសាមញ្ញ ដោយខុសប្លែកពីមិត្តរួមជំនាន់មួយចំនួន បើទោះជាចាកចេញពីសិល្បៈ ប៉ុន្តែម្តងម្កាលក៏ឃើញវត្តមានក្នុងកម្មវិធីកម្សាន្តផ្សេងៗដែរ។
ជាការពិត បើទោះជាមិនបានបង្ហាញវត្តមានលើវិថីសិល្បៈ និង លេចមុខក្នុងកម្មវិធីអ្នកសិល្បៈក្តី តែក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់អតីតតារាចម្រៀង អាណា ក៏ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ និង បន្តតាមដានដែរ ដោយបច្ចុប្បន្ននេះ អ្នកនាង បានក្លាយទៅជាថៅកែហាងកាហ្វេមួយយីហោ «KB»។
គួររំឭកដែរថា អតីតតារាចម្រៀង អាណា គឺជាតារាចម្រៀងស្រីយុវវ័យដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងផលិតកម្ម SSB ដែលមានការគ្រប់គ្រងដោយអ្នកដឹកនាំល្បីលោក ហ្វៃ សំអាង កាលពីអំឡុងឆ្នាំ ២០០០ ហើយបទចម្រៀងដែលតារារូបនេះទទួលបានការគាំទ្រយ៉ាងខ្លាំងនោះមានដូចជាបទ «ម្ចាស់គ្រងបេះដូង» បទ «ទឹកភ្នែកលាងស្នេហ៍» បទ «ស៊ើបអង្កេតស្នេហ៍» និង បទជាច្រើនទៀត៕