(វីដេអូ) ឱក សុគន្ធកញ្ញា ស្រក់ទឹកភ្នែកម៉ាត់ៗ ពេលស្តាប់ អ៊ុក សូលីតា បេក្ខភាព Cambodian Idol ប្រឹងដើម្បីជីវភាពក្នុងនាមជាស្ត្រីមេម៉ាយកូន ២
កាលពីរាត្រីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៥ បានឈានមកដល់វគ្គ Judge Audition សប្តាហ៍ទី ១ ហើយ។ ក្នុងនោះដែរ អ្នកទស្សនាឃើញមានវត្តមានចូលរួមពីសំណាក់បេក្ខជនមកពីបណ្តាខេត្តក្រុងជាច្រើន ដែលសុទ្ធសឹងតែមានសមត្ថភាពទៀតផង។
ដោយឡែកក្រឡេកទៅមើល បេក្ខនារីមួយរូប ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង គឺអ្នកនាង អ៊ុក សូលីតា បានធ្វើឱ្យគណកម្មការផ្តល់ Yes ដល់ទៅ ៤ ដើម្បីឈានទៅដល់វគ្គបន្ត ក៏ព្រោះតែទឹកដមសំឡេងពីរោះរបស់នាង។
ក្នុងនោះដែរ មិនត្រឹមតែទឹកដមសំឡេង ដែលអាចឆក់បាន Yes ពីគណកម្មការនោះទេ តែ អ៊ុក សូលីតា បានឆក់បេះដូង ដោយក្តីអាណិតពីគណកម្មការទាំង ៤ ក្រោយពីបានស្តាប់ខ្សែជីវិតរបស់នាង ក្នុងនាមជាស្ត្រីមេម៉ាយ ដែលត្រូវបីបាច់ចិញ្ចឹមកូនស្រីដល់ទៅ ២ នាក់ ក្នុងបន្ទុក។
រឿងរ៉ាវជីវិតរបស់ អ៊ុក សូលីតា បានធ្វើឱ្យអ្នកនាង ឱក សុគន្ធកញ្ញា សម្រក់ទឹកភ្នែកម៉ាត់ៗ និង និយាយទាំងអួលដើមក ក្នុងនាមជាម្តាយដូចគ្នា ដែលយល់ពីការប្រឹងប្រែង និង ក្តីស្រឡាញ់សម្រាប់កូន។ លើសពីនោះ អ្នកម៉ាក់កូន ២ ឱក សុគន្ធកញ្ញា ក៏បានបង្ហាញអារម្មណ៍រំជួលចិត្ត អាណិតស្រឡាញ់កូនៗរបស់បេក្ខនារី អ៊ុក សូលីតា ក៏ព្រោះតែនៅក្មេង ប៉ុន្តែត្រូវមកគេងក្នុងបន្ទប់ជួលតែ ២ នាក់ បងប្អូន ព្រោះម្តាយទៅធ្វើការដើម្បីរកប្រាក់៕
សូមទស្សនា វីដេអូខាងក្រោម៖