ម៉ូតូចាប់ពី ៥០០cc ឡើង អាចជិះលើផ្លូវល្បឿនលឿនបាន តែត្រូវស្នើសុំលតាបភ្ជាប់ឯកសារ ២ មុខនេះសិន
នាពេលថ្មីៗនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចែករំលែកនូវចំណេះដឹង ក៏ដូចជាឆ្លើយតបទៅនឹងសំណួរមួយថា ៖ «ដើម្បីស្នើសុំលតាបត្រអនុញ្ញាតទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី ៥០០cc ឬ កម្លាំងម៉ូទ័រ ២៧kW ឡើងទៅ ធ្វើដំណើរលើផ្លូវល្បឿនលឿនបាន តើត្រូវភ្ជាប់មកជាមួយឯកសារអ្វីខ្លះ?»។
ទាក់ទិនទៅនឹងសំណួរនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបឱ្យដឹងថា ចំពោះឯកសារតម្រូវមានដូចជា ៖
+ ពលរដ្ឋខ្មែរ ៖
១. បណ្ណសម្គាល់យានជំនិះ
២. អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ
+ ជនបរទេស ៖
១. បណ្ណសម្គាល់យានជំនិះ
២. លិខិតឆ្លងដែន និង ទិដ្ឋាការមានសុពលភាព
៣. លិខិតបញ្ជាក់ទីលំនៅទទួលស្គាល់ពីបុស្តិ៍នគរបាលរដ្ឋបាល
*ករណីអាសយដ្ឋានអចិន្ត្រៃយ៍ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណ ត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ។
ក្នុងនោះផងដែរ ចំពោះការស្នើសុំលតាបត្រនេះ គឺឥតគិតថ្លៃ ខណៈទីតាំងស្នើសុំមានដូចជា ៖
– មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និង ដឹកជញ្ជូន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
– មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបអ៊ីអនម៉លមានជ័យ (AEON3) ជាន់ទី ១ ស្ថិតតាមបណ្តោយមហាវិថី សម្តេចតេជោ (ផ្លូវ ៦០ ម៉ែត្រ) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕