កាន់តែក្ដៅ! មេធាវីទម្លាយភស្តុតាងចងរឹត Diddy ពីការប្រើថ្នាំសណ្ដំជនរងគ្រោះឱ្យលង់ស្លុបនឹងល្បែងអប្រិ.យ
កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ សារព័ត៌មាន Page Six បានចេញផ្សាយថា មេធាវី Tony Buzbee ដែលតំណាងឱ្យជនរងគ្រោះជាង ១២០ នាក់ដែលចោទប្រកាន់តារារ៉េប Diddy ជុំវិញករណីបំពានផ្លូវភេទនោះ ឥលូវបានលើកយកភស្តុតាងបន្ថែមជារូបភាពបកអាក្រាតទង្វើបទឧក្រិដ្ឋរបស់តារារ៉េបរូបនេះ។
រូបភាពទី ១ គឺជារូបភាពថតជាប់ Diddy កំពុងជប់លៀងផឹកស៊ីជាមួយក្មេងៗស្រីៗនៅក្នុងបន្ទប់របស់លោកនាសណ្ឋាគារ Planet Hollywood សហរដ្ឋអាមេរិក។ ចំណែកឯរូបភាពទី ២ គឺជារូបបង្ហាញឱ្យឃើញដបជ័រ និង របស់ម្យ៉ាងរាងដូចប៊ិចដែលគេជឿជាក់ថារបស់ទាំងនេះត្រូវបាន Diddy ប្រើប្រាស់ ឬ ម្នាក់ក្នុងចំណោមបុគ្គលិករបស់ Diddy ប្រើសម្រាប់ដាក់ថ្នាំសម្រើប GHB ទៅក្នុងគ្រឿងផឹករបស់អ្នកដែលចូលរួមជប់លៀង។
រូបភាពនៃថ្នាំសណ្ដំនេះដែរ បានធ្វើឱ្យសាធារណជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតអ្នកខ្លះលើកឡើងថា ក្នុងកម្មវិធីជប់លៀងមានមនុស្សចូលរួមកកកុញបែបនេះ ជនរងគ្រោះពិតណាស់ជាមិនចាប់អារម្មណ៍ទង្វើអាក្រក់របស់ Diddy នោះទេ។
បកត្រឡប់ក្រោយបន្តិច កាលពីថ្មីៗកន្លងទៅ រឿងថ្នាំ GHB នេះក៏ធ្លាប់ត្រូវបានមេធាវីលើកយកមកនិយាយក្នុងពាក្យបណ្ដឹងលើតារារ៉េប Diddy ផងដែរ។ ក្នុងបណ្ដឹងតុលាការកាលពីថ្ងៃទី ១៧ ខែតុលា កន្លងទៅ Jane Doe បានចោទប្រកាន់ Diddy ពីការប្រើប្រាស់ប្រេងកូនក្មេងលាយជាមួយថ្នាំ GHB ដើម្បីប្រព្រឹត្តសកម្មភាពផ្លូវភេទដ៏ហឹង្សា និង រំលោភយ៉ាងឃោរឃៅលើជនរងគ្រោះ។
តាមសម្ដីជនរងគ្រោះបានលើកឡើងថា Diddy បានលួចលាយថ្នាំ GHB ចូលគ្រឿងស្រវឹងដែលដាក់ឱ្យភ្ញៀវផឹកក្នុងពិធីជប់លៀងដ៏អភិជនរបស់លោក។ ភ្ញៀវដែលបានចូលរួមគឺមិនបានដឹងឡើយថាពួកគេត្រូវបានបង្ខំឱ្យផឹកស្រាលាយថ្នាំសម្រើបក្នុងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ដើមបណ្ដឹងក៏បានចោទ Diddy ថាបានលាយថ្នាំ GHB ជាមួយប្រេងកូនក្មេង រួចយកទៅម៉ាស្សាលើជនរងគ្រោះព្រោះបំណងចង់ឱ្យថ្នាំជ្រាបចូលលឿនតាមស្បែកអាចឱ្យលោកងាយស្រួលក្នុងការបំពេញល្បែងតណ្ហារបស់ខ្លួន។
គួរបញ្ជាក់ថា តារារ៉េប P Diddy ត្រូវបានប៉ូលិសចាប់ខ្លួននាសណ្ឋាគារ Park Hyatt នៅកណ្ដាលក្រុង Manhattan ដោយបច្ចុប្បន្នកំពុងស្ថិតក្នុងពន្ធនាគាររង់ចាំការកាត់ទោស។ ចំពោះការចាប់ខ្លួនតារារ៉េបរូបនេះដែរ មានជាប់ពាក់ព័ន្ធនឹងបទចោទប្រកាន់ជាច្រើនរួមមានការគំរាមកំហែង និង បៀតបៀនផ្លូវភេទលើមនុស្សស្រីរាប់ឆ្នាំ និង ការជួញដូរផ្លូវភេទ ជាដើម។ ប្រសិនបើរកឃើញថា P Diddy ពិតជាបានប្រព្រឹត្តអំពើទាំងអស់ដូចដែលបានចោទប្រកាន់នោះមែន នោះតារារ៉េបរូបនេះប្រឈមនឹងការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត៕