អីយ៉ាស់! សុខ សាន់នី ឱ្យដំរួយហើយ មិនព្រមសារភាពថាស្នេហ៍ ស៊ឹម ស្រីនិច្ច តែរង់ចាំចូលរោងការតែម្ដង
ចំពោះទំនាក់ទំនងរវាងតារាសម្ដែង សឹម ស្រីនិច្ច និង ពិធីករ សុខ សាន់នី ជាដៃគូសម្ដែងភាពយន្តដ៏ស័ក្តិសមមួយគូ ដែលធ្លាប់សម្ដែងប៉ះគ្នាក្នុងខ្សែភាពយន្តខ្មែរកាលពីកន្លងទៅ ព្រមទាំងរាប់អានគ្នាយ៉ាងជិតដិត។
ពិតណាស់ មួយរយៈនេះ សឹម ស្រីនិច្ច និង សុខ សាន់នី ត្រូវបានគេចាប់អារម្មណ៍ឃើញថា មិនត្រឹមតែឃើញសកម្មភាពក្នុងការងារសិល្បៈនោះទេ តែតែងឃើញសកម្មភាពកាយវិការរបស់អ្នកទាំងពីរសិ្នទ្ធស្នាល និង ដើរកម្សាន្តក្រៅប្រទេសជាមួយគ្នាទៀតផង ដែលធ្វើឱ្យមហាជនមានចម្ងល់ និង ដាក់ការសង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសជាមួយគ្នា។
លើសពីនេះ ថ្មីៗកន្លងទៅ សឹម ស្រីនិច្ច និង សុខ សាន់នី កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង និង ហាក់ច្បាស់ក្នុងចិត្តចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ ខណៈបានឃើញកញ្ញា សឹម ស្រីនិច្ច បង្ហោះរូបភាព និង សរសេរសារទៅកាន់លោក សាន់នី ក្នុងថ្ងៃកំណើតយ៉ាងផ្អែមល្ហែម ព្រមទាំងបង្ហាញច្បាស់ៗថាពិធីកររូបនេះជាម្ចាស់បេះដូងរបស់នាងទៀតផង។
ទន្ទឹមនឹងនោះ បើក្រឡេកមើលហ្វេសប៊ុក ពិធីករ សុខ សាន់នី វិញ កន្លងមកក៏ធ្លាប់បង្ហោះសកម្មភាពបង្ហាញពីទំនាក់ទំនងដ៏ផ្អែមល្ហែមរវាងអ្នកទាំងពីរក្នុងថ្ងៃកំណើត សឹម ស្រីនិច្ច ដែរ។ យ៉ាងណាមិញ ដ្បិតតែពួកគេបង្ហាញទង្វើ ក៏ដូចជាសម្ដីដ៏ផ្អែមល្ហែមទាំងនេះមែន ប៉ុន្តែអ្នកទាំងពីរក៏ពុំទាន់និយាយចេញពីមាត់ថា អ្នកទាំងពីរកំពុងទាក់ទងគ្នាច្បាស់ៗនៅឡើយទេ។
ដោយឡែក ថ្មីៗនេះ អ្វីរឹតតែចាប់អារម្មណ៍ ស្របពេលកំពុងល្បីថាតារាប្រុសស្រីមួយគូកំពុងទាក់ទងគ្នា ប៉ុន្តែមិនទាន់ឃើញសារភាពច្បាស់ៗជាសាធារណៈនោះ ក៏បានឃើញលោក សុខ សាន់នី ចែករំលែកពីរឿងរវាងលោក និង ស៊ឹម ស្រីនិច្ច ដោយភ្ជាប់ជាមួយសារឱ្យដឹងថាលោកមិនចង់សារភាព ប៉ុន្តែរងចាំចូលរោងការតែម្ដងទៀតផង៕