ក្រោយចូលឆ្នាំខ្មែរ Sastra Film ត្រៀមបញ្ចេញខ្សែភាពយន្តភាគ ២ រឿងផ្ទួនៗ មួយរឿងៗចាយប្រាក់ខ្ទង់សែនដុល្លារផលិត
ជាការពិតណាស់ មហាជននិយមតាមដានខ្សែភាពយន្តច្បាស់ជាបានស្គាល់មកហើយនូវភាពល្បីរន្ទឺរបស់ Sastra Film ដែលជាផលិតកម្មក្នុងប្រទេសមួយបានសាងស្នាដៃ និង ផលិតខ្សែភាពយន្តជាច្រើនសុទ្ធសឹងតែមានគុណភាព។ បើគិតមកដល់ពេលនេះ Sastra Film បានផលិតរាប់រយរឿងមកហើយដែរ ជាពិសេសនៅដើមឆ្នាំ ២០២៤ ផលិតកម្មខាងលើ ក៏បានបំបុកទីផ្សារទាំងក្នុង និង ក្រៅប្រទេសទៀតផង។
ដោយឡែកកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ផលិតកម្ម Sastra Film និង ក្រុមហ៊ុន CBS បានរៀបចំសន្និសីទកាសែត ស្តីពីការចាក់បញ្ចាំងកំពូលខ្សែភាយន្តភាគខ្មែរនៅលើទូរទស្សន៍ My Tv ចំនួន ២ រឿងក្នុងពេលឆាប់ៗខាងមុខនេះ។
ខ្សែភាពយន្តភាគខ្មែរ ដែល Sastra Film ត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ My Tv រួមមានរឿង «អន្ទាក់ស្នេហ៍ក្នុងកុងត្រា» សម្តែងជាតួឯកដោយលោក ខេ ស៊ីញ និង ជី ហ្ស័ង រីឯរឿង «កូនក្រមុំកែមុខ» សម្តែងជាតួឯកដោយលោក វ៉ាន់់ ដេវីដ និង កញ្ញា យ៉ា សុផាន់ម៉ៃ ព្រមទាំង មានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូប។
បើតាមការឱ្យដឹងពីលោកស្រី ប៊ុន ចាន់និមល នាយកប្រតិបត្តិក្រុមហ៊ុន Sastra Film បានលើកឡើងថា ខ្សែភាពយន្តភាគខ្មែរ ២ ខាងលើ ដែលនឹងត្រៀមចាក់បញ្ចាំងនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ ត្រូវបានសម្រិតសម្រាំងខ្លាំងបំផុត។ លើសពីនោះ ខ្សែភាពយន្តភាគ «អន្ទាក់ស្នេហ៍ក្នុងកុងត្រា» និង «កូនក្រមុំកែមុខ» បានចំណាយទឹកប្រាក់ខ្ទង់សែនដុល្លារឯនោះក្នុងការផលិតចេញមក។
យ៉ាងណាមិញ ចង់ដឹងថា តើខ្សែភាពយន្តភាគ «អន្ទាក់ស្នេហ៍ក្នុងកុងត្រា» និង «កូនក្រមុំកែមុខ» មានភាពទាក់ទាញ និង ល្អមើលយ៉ាងណា សូមកុំភ្លេចតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ My Tv នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ៕