ត្រជាក់ធ្លាក់ខ្យល់ ស្ត្រីពពោះងាយណាស់ធ្លាក់ខ្លួនឈឺ នេះជាគន្លឹះងាយៗដើម្បីថែទាំខ្លួន និង រក្សាភាពកក់ក្តៅ
ចាប់ផ្តើមក្លាយជាស្ត្រីពពោះ ការថែទាំសុខភាពតម្រូវយកចិត្តទុកដាក់ខ្ពស់ជាងកាលនៅខ្លួនមួយ។ ជាពិសេស មកដល់រដូវត្រជាក់ធ្លាក់ខ្យល់ បើប្រហែសតែបន្តិច ស្ត្រីអាចនឹងប្រឈមបញ្ហាសុខភាពផ្សេងៗ ព្រមទាំងអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃផងដែរ។ ដូច្នេះដើម្បីរក្សាសុខភាពមាំទាំនៅរដូវនេះ ស្ត្រីអាចអនុវត្តគន្លឹះងាយៗ ៥ ចំណុចដូចខាងក្រោម៖
១. ស្លៀកពាក់បង្កើនកម្តៅ
វិធីមួយល្អបំផុតដើម្បីបន្ថែមភាពកក់ក្តៅក្នុងអាកាសធាតុត្រជាក់ គឺការពាក់សម្លៀកបំពាក់ច្រើនជាន់ឬសម្លៀកបំពាក់ក្រាស់ៗ។ ស្ត្រីគួរប្រើខោអាវណាដែលក្រណាត់មានខ្យល់ចេញចូលល្អ មិនហប់ មិនធ្វើឱ្យបែកញើស ដូចជាប្រភេទក្រណាត់រោមចៀមឬរោមសត្វ ដែលវាអាចរក្សាភាពកក់ក្តៅ និង ស្ងួតល្អ។ ជៀសវាងខោអាវរឹបរាង ព្រោះវាអាចរឹតលំហូរឈាម និង មានអារម្មណ៍មិនស្រណុកខ្លួន។ មួយវិញទៀត គួរប្រើស្រោមដៃ និង មួក ដើម្បីទប់ភាពត្រជាក់ផងដែរ។
២. រក្សាភាពសកម្មរាងកាយ
សកម្មរាងកាយជាប្រចាំអាចជួយរក្សាកម្តៅខ្លួនបានល្អ។ ធ្វើលំហាត់ប្រាណជាប្រចាំ អាចត្រឹមជាសកម្មភាពដើរ ឬហាត់យូហ្គាសម្រាប់ស្ត្រីមានផ្ទៃពោះជាដើម។ ការធ្វើលំហាត់ប្រាណមិនត្រឹមតែរក្សាភាពកក់ក្តៅប៉ុណ្ណោះទេ តែថែមទាំងពង្រឹងដល់សុខភាពទូទៅ និង សុខុមាលភាពផ្លូវចិត្តនៅអំឡុងពពោះផងដែរ។ កាលណារាងកាយមាំមួន ប្រព័ន្ធការពាររាងកាយខ្លាំង យើងនឹងមិនងាយឆ្លងមេរោគកើតជំងឺផ្សេងៗដូចជា ផ្តាសាយជាដើម។
៣. បរិភោគរបបអាហារសុខភាពល្អ
ការរក្សាតុល្យភាពរបបអាហារបានល្អ អាចជួញជំរុញដល់ប្រព័ន្ធភាពសុំា ជាពិសេស មានសារៈសំខាន់បំផុតនៅអំឡុងពពោះ។ ត្រូវប្រាកដទទួលទានឱ្យបានច្រើននូវ បន្លែ ផ្លែឈើ អាហារប្រូតេអ៊ីនគ្មានជាតិខ្លាញ់ អាហារកាបូនអ៊ីដ្រាតចម្រុះ ហើយជៀសវាងអាហារកែច្នៃ អាហារមានជាតិស្ករខ្ពស់ ដែលវាធ្វើឱ្យពិបាករំលាយ និង ខ្លួនត្រជាក់។ មួយវិញទៀត ការបរិភោគអាហារក្តៅៗ ក៏ជួយបង្កើនកម្តៅរាងកាយ ធ្វើឱ្យរាងកាយមានកម្លាំងផងដែរ។
៤. រក្សាជាតិទឹក
បើទោះអាកាសធាតុត្រជាក់មិនសូវស្រេកទឹក តែអ្នកក៏ត្រូវផឹកទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ហោចណាស់ផឹកទឹក ៨ កែវក្នុងមួយថ្ងៃ។ ការផឹកទឹកគ្រប់គ្រាន់មានសារៈសំខាន់ចំពោះសុខភាពទូទៅ និង អាចរក្សារាងកាយឱ្យកក់ក្តៅ។ ដោយឡែក ជៀសវាងផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើន ឬភេសជ្ជៈជាតិអាល់កុល ព្រោះវាអាចធ្វើឱ្យបាត់បង់ជាតិទឹក និង រាងកាយមានអារម្មណ៍កាន់តែត្រជាក់ទៅវិញ។
៥. ប្រុងប្រយ័ត្នឧបករណ៍ស្អំក្តៅ
ខណៈឧបករណ៍ស្អំក្តៅអាចល្អចំពោះការសម្រួលអាការចុករោយ និង បញ្ចុះភាពត្រជាក់ ជាមួយគ្នានេះ វាក៏អាចបង្កគ្រោះថ្នាក់ក្នុងករណីប្រើវាមិនត្រឹមត្រូវផងដែរ។ ជៀសវាងការស្អំនៅលើផ្ទៃពោះ និង ដាក់ឱ្យឆ្ងាយពីផ្ទៃពោះ ហើយមិនត្រូវប្រើម្តង លើសពី ២០ នាទីឡើយ។ ដើម្បីសុវត្ថិភាព មុនពេលប្រើអ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យជំនាញ៕
ប្រភព៖ onlymyhealth