Song Joong Ki ប្រាប់ត្រង់ៗថា មិនសប្បាយចិត្ត ពេលមានពាក្យចចាមអារ៉ាមមិនពិតលើភរិយាក្រោយ
ថ្មីៗនេះ តារាសម្ដែងប្រុស Song Joong Ki បានផ្ដល់បទសម្ភាសជាមួយនឹងទស្សនាវដ្ដី «GQ» ព្រមទាំងបានទម្លាយប្រាប់មហាជន ពីអារម្មណ៍ក្រោយខ្លួនបានប្រកាសជាផ្លូវការអំពីរឿងរ៉ាវជាច្រើន ក្នុងមួយរយៈចុងក្រោយនេះ ទាំងការបង្ហាញមុខអនាគតភរិយា ការប្រកាសរៀបការ ព្រមទាំងការប្រកាសអំពីការត្រៀមស្វាគមន៍កូនដំបូងជាដើម។
ជាមួយគ្នានោះ តារាប្រុសរូបនេះ ក៏បានលើកឡើងពីពាក្យចចាមអារ៉ាមមួយចំនួន ដែលលេចចេញតាមប្រព័ន្ធអ៊ីនធឺណេត បន្ទាប់ពីមានដំណឹងរៀបការជាមួយ Katy ដែលជាអនាគតភរិយារបស់ខ្លួន។
Song Joong Ki បាននិយាយថា៖ «ដំបូងឡើយ លោកពុំសូវជាបានគិតច្រើនពីពាក្យចចាមអារ៉ាមទាំងនោះទេ ដោយហេតុតែលោកគិតថា ចំពោះមនុស្សដូចយើង ទាំងនោះគឺជាផ្នែកមួយនៃជីវិត ហើយទោះបីជាមនុស្សជាច្រើនបានដឹងអំពីទំនាក់ទំនងរបស់ពួកគេក៏ដោយ ក៏វាមិនមែនជាឧបសគ្គស្នេហារបស់ពួកគេដែរ»។
តែយ៉ាងណា លោកក៏បានបន្ថែមដែរថា៖ «ពេលខ្លះបើនិយាយឱ្យត្រង់ទៅ នៅពេលដែលពាក្យចចាមអារ៉ាមមួយចំនួនចេញមកមិនគួរឱ្យជឿពេក លោកក៏មានអារម្មណ៍ថាខឹងដែរ ប៉ុន្តែគឺបាន Katy បានមកជួយលួងលោមលោក កុំឱ្យគិតច្រើន និង មិនចាំបាច់ខឹងនឹងមនុស្សទាំងនោះទេ»។
មិនតែប៉ុណ្ណោះ Song Joong Ki បានបន្តទៀត ពីលក្ខណៈសម្បត្តិ របស់អនាគតភរិយាខ្លួនថា៖ «បើនិយាយឱ្យចំទៅ នាងជាមនុស្សដែលនាំខ្ញុំទៅរកទស្សនវិស័យវិជ្ជមាន ហើយពួកយើងអាចថ្លឹងថ្លែងគ្នាទៅវិញទៅមកបាន»៕