ស្អាតខ្លាំងណាស់! ទិដ្ឋភាពតាមផ្លូវពេលយប់ ពីវិមានឯករាជ្យទៅវត្តភ្នំ រៀបចំលម្អស្រស់បំព្រងដើម្បីស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម
ដើម្បីអបអរក្នុងឱកាស ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នេះ ហើយគិតត្រឹមថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ នេះគឺនៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃបើកព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ហើយ។
នាពេលថ្មីនេះដែរ កម្ពុជា ក៏បានបង្ហាញប្រាប់ឱ្យពិភពលោកបានដឹងដែរថា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបើកការប្រកួតដ៏អស្ចារ្យមួយនេះ ដោយរាជរដ្ឋាភិបាលបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីលើកស្ទួយប្រទេសឱ្យកាន់តែមានល្បីល្បាញ និង ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យស្គាល់កម្ពុជា កាន់តែច្រើនឡើង។
ទន្ទឹមនឹងនេះដែរ កាលពីយប់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ហ្វេសប៊ុកផេកផ្លូវការរបស់ Cambodia 2023 ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពតាមដងផ្លូវពីវិមានឯករាជ្យ ទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ នៃមហាវិធីព្រះនរោត្ដម ដែលមានការរៀបចំលម្អកាន់តែស្រស់បំព្រង ដោយមានរៀបចំតាំងភ្លើងពណ៌ និង លើកស្លាកបង្ហាញពីប្រភេទកីឡានីមួយនៃព្រឹត្តិការណ៍ស៊ីហ្គេម ជាដើម។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ៕
រូបភាពដោយ៖ Cambodia 2023