ផ្ទុះការវែកញែក បន្ទាប់ពី លីវ ជីលី លើកឡើងថា «សមត្ថភាពមិនឈ្នះទឹកលុយ»
បន្ទាប់ពីបើកឆាកប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាងកន្លះខែមក នៅទីបំផុតកម្មវិធីប្រកួត Miss Supranational ឆ្នាំ ២០២៣ បានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេស Ecuador នាង Andrea Aguilera ដែលធ្លាប់ទទួលបានមកុដលំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand International 2021 នៅប្រទេសថៃ។
ដោយឡែក ងាកមកមើលបវរកញ្ញាខ្មែរវិញ បានធ្វើឱ្យមហាជនមានការសោកស្តាយជាខ្លាំង ដោយកញ្ញា លីវ ជីលី ពុំអាចឈានជើងចូលដល់ Top កំពូលណាមួយឡើយក្នុងការប្រកួតនោះ។ យ៉ាងណាក៏ដោយ ទោះបីកញ្ញា លីវ ជីលី ពុំអាចទទួលបានជោគជ័យលើឆាកអន្តរជាតិក៏ពិតមែន តែមហាជននៅតែគាំទ្រ និង សរសើរនូវភាពតស៊ូ ការតាំងចិត្តរបស់នាងខ្លាំង ព្រោះនាងបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។
ក្រោយពីប្រកួតចប់ លីវ ជីលី ពុំបាននាំជ័យលាភីជូនជាតិ នាងក៏បានសម្ដែងក្តីសោកសៅក៏ដូចជាសុំទោសដល់ប្រជាជនកម្ពុជាទាំងមូលផងដែរ។ ជាពិសេស នាងបានយល់ពីវិស័យបវរកញ្ញានេះយ៉ាងច្បាស់ ហើយបានបង្ហោះសារលើហ្វេសប៊ុកថា ៖ «ខ្ញុំយល់អំពីវិស័យបរវកញ្ញាកាន់តែច្បាស់នៅពេលនេះ អ្នកយល់លើកដៃ អ្នកឆ្ងល់អាចសួរខ្ញុំបាន ឯងខំតស៊ូចង់ងាប់ចង់រស់ ហើយនេះក៏ជាលើកចុងក្រោយផងដែរ ស្បថនិយាយមែន»។
ទន្ទឹមនឹងមានការលើកឡើងរបស់កញ្ញា លីវ ជីលី បែបនោះមក គេស្រាប់តែឃើញមានអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិផ្សេងៗពីគ្នា ក្នុងនោះមានអ្នកគាំទ្រម្នាក់បានលើកឡើងថា ៖ «ប្រជាជនគេស្រុះគ្នាណាស់ឱ្យតែថាដើម្បីមុខមាត់ជាតិ សម្តីដែលបងបានឮផ្ទាល់ពីអ្នករៀនសូត្រថ្នាក់ខ្ពស់នៅពេលដែលបងនិយាយថា proud of ក្មេងៗខ្មែរក្នុងឆ្នាំ ២០២៣ ហ្នឹងណាស់ គ្រប់វិស័យពួកគេខំណាស់ ទាំងវិស័យបវរកញ្ញាក៏ដូចគ្នា ស្រាប់តែគេឆ្លើយថា វិស័យបរវកញ្ញានឹងគ្មានឃើញបានប្រយោជន៍អីដល់ជាតិផង បងស្តាប់ហើយហួសចិត្ត» ។ ក្នុងនោះ គេក៏ឃើញ ស្រីស្រស់ លីវ ជីលី បានចូលទៅបញ្ចេញមតិបន្តថា ៖ «តាមហ្នឹងទៅបង សមត្ថភាពមិនឈ្នះទឹកលុយទេ »។
បន្ទាប់ពី លីវ ជីលី លើកឡើងពី «សមត្ថភាពមិនឈ្នះទឹកលុយ» ស្រាប់តែផ្ទុះការបញ្ចេញយោបល់វែកញែកជាច្រើន ដោយមួយចំនួនយល់ស្របចំពោះនាង តែមួយចំនួនទៀតក៏បញ្ចេញយោបល់តាមគំនិតពួកគេរៀងៗខ្លួន៕