ប្រទេសថៃ ស្នើឱ្យពលរដ្ឋធ្វើការពីផ្ទះ ខណៈខ្យល់ពុលក្នុងក្រុងបាងកកឡើងដល់កម្រិតក្រហម
កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ លោកអភិបាលក្រុងបាងកក Chadchart Sittipunt បានបញ្ជាក់ឱ្យដឹងថា កម្រិតធូលីមិនល្អ PM2.5 ក្នុងក្រុង បានឡើងដល់កម្រិតក្រហម ឬ ហៅថាកម្រិតប៉ះពាល់សុខភាព ក្នុងរយៈពេល ៣ ថ្ងៃជាប់គ្នាហើយ។ ជាមួយគ្នានោះដែរ ខាងនាយកដ្ឋានប្រយុទ្ធប្រឆាំងការបំពុលប្រចាំប្រទេសថៃ (PCD) ក៏បានប្រកាសស្នើឱ្យពលរដ្ឋក្នុងក្រុងទាំងអស់ ឱ្យបំពេញការងារពីផ្ទះទៅ រហូតដល់ពាក់កណ្ដាលសប្ដាហ៍នេះ។
បច្ចុប្បន្ន រដ្ឋបាលក្រុងបាងកក (BMA) កំពុងតែបង្កើនការត្រួតពិនិត្យលើប្រភពទាំងឡាយដែលបង្កជាខ្យល់ពុលក្នុងក្រុងនេះ។ ខាង City Hall ក៏បានស្នើសុំឱ្យមានការរៀបចំបន្ទប់ដែលគ្មានធូលីបំពុល នៅរាល់សាលាមតេយ្យ និង សាលារៀនទាំងអស់ ដែលស្ថិតក្រោមការត្រួតពិនិត្យពីរដ្ឋបាលក្រុង។ ដោយឡែក ចំពោះខាងបុគ្គលិករដ្ឋ និង ក្រុមហ៊ុនឯកជននានា ក៏ជំរុញឱ្យមានការអនុញ្ញាតឱ្យបុគ្គលិក បម្រើការងារពីផ្ទះមកផងដែរ ដើម្បីកាត់បន្ថយការបំពុលបរិយាកាសនៅក្នុងក្រុង៕