បាត់មុខយូរហើយ! តាតា ម្ចាស់បទ «ដើរវ៉ៃគេ» រស់នៅក្នុងភាពអាថ៌កំបាំង បង្ហោះរូបម្តងៗអ្នកគាំទ្រភ្ញាក់ផ្អើលនឹងសម្រស់
រយៈពេលប្រមាណជាជិត ២០ ឆ្នាំមកហើយនៃការចាកចេញពីវិថីសិល្បៈរបស់តារាចម្រៀងម្ចាស់បទ «ដើរវ៉ៃគេ» កញ្ញា តាតា បានធ្វើឱ្យមហាជនអ្នកគាំទ្ររូបនាងមានក្តីនឹករឭកយ៉ាងខ្លាំង។ កាលនោះ គេចាំបានថាមុននឹងបញ្ចប់ និង លែងបង្ហាញមុខលើឆាកតន្ត្រី កញ្ញា តាតា គឺជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ។
យ៉ាងណាមិញ កាលពីច្រើនឆ្នាំកន្លងទៅ ទោះជាតារាស្រីរូបនេះធ្លាប់បានបង្ហាញវត្តមានក្នុងកម្មវិធីខួបកំណើតរបស់បងប្រុសជាតន្ត្រីករល្បីឈ្មោះលោក រ៉េត ធីដូណា ក្តី តែនាងក៏មិនបានបង្ហាញវត្តមានជាសាធារណៈដល់អ្នកគាំទ្រនោះទេ។ បើក្រឡេកទៅមើលគណនីហ្វេសប៊ុក ឬ IG របស់បងប្រុសនាង ក៏មិនសូវដែលបង្ហាញរូបភាពថ្មីៗរបស់ប្អូនស្រីនោះឡើយ ពោលគឺលោក រ៉េត ធីដូណា តែងបង្ហោះរូបភាពចាស់ៗរបស់ តាតា ដដែល។
បើក្រឡេកទៅមើលបណ្តាញសង្គមនានារបស់ តាតា ឯនោះវិញ គេបានឃើញនាងមានគណនីហ្វេសប៊ុក, IG និង Pinterest ផងដែរ តែយ៉ាងណាអ្វី ដែលគួរឱ្យចាប់អារម្មណ៍គណនីបណ្តាញសង្គមនានារបស់ តាតា ទោះរមែងបង្ហោះរូបភាពក៏ពិតមែន ប៉ុន្តែមហាជនអ្នកលេងបណ្តាញសង្គមនៅតែមានចម្ងល់ និង ចង់ដឹងថា បច្ចុប្បន្នមុខមាត់របស់តារាស្រីរូបនេះប្រែប្រួលយ៉ាងណា ឬ នៅដូចដើម? ព្រោះតែរូបភាពដែលនាងបានបង្ហោះនោះ ហាក់ដូចជារូបតុក្កតា ពោលគឺរូបកាត់តដែលធ្វើឱ្យអ្នកមើលមានការស្រពិចស្រពិលយ៉ាងខ្លាំង។
ម្យ៉ាងវិញទៀតនោះ ក្រោយពីអ្នកគាំទ្របានទៅមើលវីដេអូ MV ចាស់ៗរបស់នាង ព្រមទាំងវីដេអូនៃការប្រគំតន្ត្រីនានានោះ ធ្វើឱ្យពួកគេចង់ឱ្យតារាចម្រៀងស្រីនេះវិលត្រលប់មកចូលសិល្បៈវិញ ព្រមទាំងលើកឡើងថា មុខមាត់របស់តារាចម្រៀងរូបនេះនៅក្នុងវីដេអូចាស់ និង ពេលនេះគឺហាក់ខុសគ្នាដាច់ផឹងតែម្តង ៕