សល់ ២ ខែទៀតចូលរោង Patricia ទម្លាយថា ពិធីរៀបការនាងគឺត្រៀមធ្វើ ២ យប់ ២ ថ្ងៃពេញ
មួយរយៈក្រោយនេះ មហាជនជាច្រើនហាក់ចាប់ភ្លឹកនឹងតារាស្រី Patricia ជាខ្លាំង ក្រោយនាងបានប្រកាសដំណឹងល្អថានឹងត្រៀមចូលរោងការនៅពេលឆាប់ៗខាងមុខនេះ ជាមួយគូស្នេហ៍ហាយសូរ ដែលត្រូវជាប្អូនថ្លៃរបស់តារាស្រី Chompoo។
បន្ថែមពីនេះ កាលពីថ្ងៃទី ២២ ខែតុលា កន្លងទៅ Patricia និង គូស្នេហ៍ បានដឹកដៃគ្នារៀបចំពិធីជប់លៀងលាភាពនៅលីវយ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីឈ្មោះ ព្រមទាំងក្រុមគ្រួសារទាំងសងខាង។
កាន់តែកៀកថ្ងៃចូលរោង Patricia បានចេញមុខទម្លាយលម្អិតពីគម្រោងឱ្យដឹងថា ៖ «គឺពួកយើងត្រៀមរៀបចំពិធីចំនួន ២ យប់ ២ ថ្ងៃ ដោយនៅថ្ងៃទី ២០ ខែធ្នូ អាចរៀបចំតាមពិធីបែបប្រពៃណីថៃ ដោយមានការបំពាក់ចិញ្ចៀន ចំណែកថ្ងៃទី ២២ គឺរៀបចំតាមបែបអង់គ្លេស ដោយមានតុបតែងសួនច្បារ ពិសាភោជនាហារផ្សេងៗ ដោយយើងបានអញ្ជើញភ្ញៀវប្រមាណជាង ៨០០ នាក់ចូលរួម។ ហើយខ្ញុំបានត្រៀមរ៉ូបកូនក្រមុំចំនួន ៤ ឈុតផងដែរ»៕