កាន់តែធំកាន់តែសង្ហា! អេនជី ជូនពរកូនប្រុសសំណព្វក្នុងថ្ងៃកំណើត មានអត្ថន័យហើយកក់ក្តៅខ្លាំង
ប្រិយមិត្តដែលនិយមចូលចិត្តតាមដានជីវិតរបស់អ្នកសិល្បៈ ភាគច្រើនប្រាដកជាបានដឹងរួចមកហើយ ចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រីរូបស្រស់ អេនជី និង ស្វាមីសំណព្វចិត្ត គឺលោក គង់ សុខអេង បានក្លាយជាគ្រួសារមួយយ៉ាងពេញលេញ បន្ទាប់ពីពួកគេទាំងពីរទទួលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះ គង់ វិរៈអ៊ីដេន។
មកទល់បច្ចុប្បន្ន អូនតូច អ៊ីដេន មានអាយុ ៣ ខួបហើយ ដែលរូបគេធំធាត់ឡើងប្រកបដោយភាពវ័យឆ្លាត ហើយជារឿយៗមហាជនតែងចាប់អារម្មណ៍ទៅលើក្មេងប្រុសតូចរូបនេះថាពិតជាមានមុខមាត់ស្រស់ស្អាត ស្នាមញញឹមក៏ស្រស់រាក់ទាក់ទទួលភ្ញៀវ ជាពិសេសអូនតូច អ៊ីដេន កាន់តែធំកាន់តែមានមុខមាត់កាត់ទៅរកលោកប៉ារបស់គេ ។
ខណៈកូនប្រុសកាន់តែលូតលាស់ធំបន្តិចម្ដងៗ ក្នុងនាមជាម្ដាយកាន់តែពេញចិត្តពេញថ្លើម ដោយស្រឡាញ់ និង មើលថែកូនប្រុសបានយ៉ាងល្អបែបនេះ។ តួយ៉ាង នៅថ្ងៃខួបកំណើតរបស់កូនប្រុសខ្លួន ចូលអាយុ ៣ ឆ្នាំ អេនជី បានបង្ហោះសារជូនពរកូនប្រុសយ៉ាងមានអត្ថន័យថា ៖ «រីករាយថ្ងៃកំណើតកូនពូជជាទីស្រឡាញ់របស់ Mom & Dad គង់ វីរៈអ៊ីដេន ៣ ឆ្នាំ។ តាំងពីកូនកើតមក អ្វីដែលម៉ាក់សប្បាយចិត្តបំផុត គឺឃើញកូនមានសុខភាពល្អ។ ក្នុងថ្ងៃពិសេសរបស់កូន ម៉ាក់សូមជូនពរកូនឱ្យមានសុខភាពល្អ កម្លាំងកាយមាំមួន ប្រាជា្ញឆ្លាតវាងវៃ មានតែស្នាមញញឹម ហើយទៅដល់ទីណាក៏មានតែសេចក្តីសុខសុវត្ថិភាព ពេលកូនធំឡើងត្រូវធ្វើជាគំរូដ៏ល្អក្នុងសង្គមជាតិ ហើយត្រូវមានទំនួលខុសត្រូវជាកូនប្រុស ធ្វើជាកូនល្អ ជាក្មួយល្អ ជាចៅល្អក្នុងគ្រួសារ»៕