Kim Woo Bin ថាជីវិតលោកប្រៀបដូចរឿងភាគកូរ៉េ ពេលរកឃើញកើតមហារីកដំបូងៗ ពេទ្យថាអាចរស់បានត្រឹម ៦ ខែប៉ុណ្ណោះ
ថ្មីៗនេះ តារាសម្ដែងប្រុសកូរ៉េដ៏ល្បី Kim Woo Bin បានមានវត្តមានជាភ្ញៀវកិត្តិយសចូលរួមក្នុងកម្មវិធីរបស់តារាកំប្លែង Shin Dong Yup ដែលចេញផ្សាយលើ channel youtube ឈ្មោះ Zzanbro។
ក្នុងកម្មវិធីនោះ Kim Woo Bin បានចែករំលែកពីពេលវេលាដែលលោកប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវប្រចាំខ្លួន ទម្រាំជាសះស្បើយអាចវិលត្រឡប់មកប្រឡូកក្នុងវិស័យសិល្បៈឡើងវិញបែបនេះ។ ងាកត្រឡប់ទៅកាលពីឆ្នាំ ២០១៧ Kim Woo Bin បានរកឃើញថាលោកកើតមានជំងឺមហារីកច្រមុះ និង ទទួលការព្យាបាលជាច្រើនដំណាក់កាលមុនប្រកាសថាបានជាសះស្បើយក្នុងឆ្នាំ ២០១៩ និង វិលត្រឡប់ចូលសម្ដែងឡើងវិញកាលពីខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ។
រៀបរាប់ក្នុងកម្មវិធី តារាប្រុស Kim Woo Bin បានរៀបរាប់ថា៖ «បងដឹងអត់ ខ្ញុំជាមនុស្សវិជ្ជមានម្នាក់ ខ្ញុំព្យាយាមមើលអ្វីគ្រប់យ៉ាងក្នុងភាពវិជ្ជមានជានិច្ច។ ដូច្នេះហើយនៅពេលគ្រូពេទ្យប្រាប់ដំណឹងមកខ្ញុំដែលមើលទៅដូចក្នុងរឿង K-dramas ដោយពេទ្យនិយាយថា ក្នុងករណីអាក្រក់ខ្លាំង ខ្ញុំអាចមានពេលត្រឹម ៦ ខែប៉ុណ្ណោះដើម្បីរស់។ ខ្ញុំស្លុត និង ភ័យខ្លាចខ្លាំងណាស់ពេលឮភ្លាមៗ។ ខ្ញុំចង់ឱ្យអ្វីដែលខ្ញុំឮគឺគ្រាន់តែជាសុបិន ប៉ុន្តែខ្ញុំមិនដែលធ្លាក់ទឹកចិត្តរហូតធ្លាប់គិតសូម្បីម្ដងថា «ចុះបើខ្ញុំតស៊ូជម្នះវាអត់បាន?» ដោយឡែក ខ្ញុំបែរគិតថាវាគឺជាឱកាសទៅវិញ»។
តារាប្រុសវ័យ ៣៥ ឆ្នាំរូបនេះបានបន្តទៀតថា៖ «និយាយមែន ភ្លាមៗខ្ញុំមិនមែនគិតថាវាជាឱកាសនោះទេ ប៉ុន្តែខណៈខ្ញុំផ្ដោតតែលើការព្យាបាល និង ថែទាំខ្លួនឯង ខ្ញុំក៏អាចស៊ាំនឹងការមើលឃើញវាក្នុងផ្លូវវិជ្ជមានបែបនេះ។ អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ ចាប់តាំងពីខ្ញុំចូលប្រឡូកសិល្បៈដំបូង ខ្ញុំមមាញឹកខ្លាំង និង មិនដែលមានឱកាសផ្ដល់ការសម្រាកឱ្យខ្លួនឯងពិតប្រាកដណាមួយឡើយ។ ដូច្នេះ ខ្ញុំគិតថានេះអាចជាឱកាសដែលឋានលើផ្ដល់ឱ្យខ្ញុំផ្អាកការងារ និង ចំណាយពេលវេលាជាមួយក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលយ៉ាងច្រើនជាមួយមនុស្សជាទីស្រឡាញ់របស់ខ្ញុំ។ បើនិយាយពីការព្យាបាលវិញ ពិតណាស់វាពិបាក ប៉ុន្តែវាមិនមែនពិបាកតែខ្ញុំម្នាក់ឯណា អ្នកផ្សេងក៏ពិបាកដូចគ្នា។ ខ្ញុំទទួលបានការលើកទឹកចិត្តយ៉ាងធំធេងពីគ្រប់គ្នា ព្រោះតែពួកគេស្គាល់ខ្ញុំច្បាស់ ហើយក៏មានអ្នកបួងសួងឱ្យខ្ញុំជាសះស្បើយច្រើនណាស់ដែរ។ ខ្ញុំជឿជាក់ថាការលើកទឹកចិត្ត និង ការបួងសួងទាំងនេះហើយដែលជាកម្លាំងជួយឱ្យខ្ញុំជម្នះជំងឺមហារីកនេះបាន។ ការព្យាបាលរបស់ខ្ញុំដំណើរល្អពីមួយដំណាក់កាលទៅមួយដំណាក់កាល ដែលសូម្បីតែគ្រូពេទ្យក៏ភ្ញាក់ផ្អើលដែរ»។
ជាចុងក្រោយ Woo Bin បានបញ្ជាក់ផងដែរថា៖ «ខ្ញុំតែងគិតពីការលើកទឹកចិត្តដែលខ្ញុំទទួលបាន ហើយខ្ញុំចង់ចែករំលែកវាបន្តទៅមនុស្សគ្រប់គ្នា។ ដូច្នេះហើយមុនចូលគេង ខ្ញុំបានធ្វើការបួងសួងឱ្យគ្រប់ក្រុមគ្រួសារសូមឱ្យជួបអភូតហេតុដូចខ្ញុំ។ វាបានក្លាយជាបេសកកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ ឱ្យខ្ញុំចងចាំនូវអ្វីដែលខ្ញុំទទួលបាន និង ផ្ដល់ត្រឡប់ទៅមនុស្សគ្រប់គ្នាវិញ»៕
ប្រភព៖ Koreaboo