ផ្ទុះផ្អើលនៅហុងកុង កាបូបម៉ាក Hermes ៦៦ កាបូបត្រូវចោរលួចអស់ គិតជាលុយជាង ១ លានដុល្លារ
តាមសារព័ត៌មាន The Paper កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ មានករណីចោរលួចបំបែកកញ្ចក់ចូលហាងល្បីមួយកន្លែងនៅក្រុងហុងកុង និង លួចយកកាបូបប្រណីតៗសរុប ៦៦ កាបូប ដែលគិតជាប្រាក់ចំនួន ១០ លានដុល្លារហុងកុង (ប្រមាណជាង ១ លាន ២ សែនដុល្លារអាមេរិក)។
តាមព័ត៌មានបានឱ្យដឹងថា ជនសង្ស័យមានគ្នា ៣ នាក់ បានវាយបំបែកកញ្ចក់ហាង លួចចូលទៅខាងក្នុង និង ធ្វើសកម្មភាពយកកាបូបប្រណីតៗដាក់ច្រកចូលថង់ ៣ ធំៗ មុនចូលក្នុងឡានគេចខ្លួនបាត់ទៅ។ តាមការបញ្ជាក់ពីខាងហាងបានឱ្យដឹងថា ជនសង្ស័យបានលួចយកកាបូបប្រណីតៗ និង កម្រៗជាច្រើនជាម៉ូដែល Birkin និង Kelly។ កាបូបខ្លះគឺច្នៃពិសេសសម្រាប់ភ្ញៀវមានតម្លៃដល់ទៅ ៣ លានដុល្លារហុងកុង (ជាង ៥៨ ម៉ឺនដុល្លារ)។ បច្ចុប្បន្ន ប៉ូលិសកំពុងស៊ើបអង្កេតលើករណីលួចមួយនេះ និង កំពុងតាមចាប់ខ្លួនជនសង្ស័យផងដែរ។
បើតាមសារព័ត៌មាន HK01 អ្នកតំណាងឱ្យខាងហាងម្នាក់បានលើកឡើងថា ខាងហាងរបស់ខ្លួនបានដាក់តាំងកាបូបប្រណីតចំនួន ៤០០ កាបូប ហើយបើតាមកាមេរ៉ាសុវត្ថិភាព ចោរទាំង ៣ នាក់នោះគឺធ្វើសកម្មភាពលួចរហ័សបំផុតប្រើពេលត្រឹម ៣ នាទីប៉ុណ្ណោះ។ ពួកគេលួចបានកាបូបទាំងអស់ ៦៧ ប៉ុន្តែជ្រុះធ្លាក់តាមកាំជណ្ដើរមួយ ដោយខាងហាងយកទុកបានវិញ។
ហាងខាងលើត្រូវផ្អាកដំណើរការបណ្ដោះអាសន្នដើម្បីសហការស៊ើបអង្កេតជាមួយប៉ូលិស និង ធ្វើការសងសំណងជូនភ្ញៀវចំពោះកាបូបដែលបានបាត់ទៅផងដែរ៕